
កំពង់ឆ្នាំង៖ នៅក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបច្ចេកសុនខល្បាត នាព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានជំរុញបន្ថែមទៀតនូវសមត្ថភាពបច្ចេកទេសដល់សុនខហិតមីន សុនខសន្តិសុខ និងសុនខទូទៅ ដើម្បីរក្សាអោយបាននូវសន្តិសុខសណ្តាប់ធ្នាប់ដល់ថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល។
ឯកឧត្តម ហេង រតនា បានថ្លែងថា៖ ក្នុងភាពជាម្ចាស់ និងភាពជាដៃគូជាមួយដៃគូអភិវឌ្ឍន៍មួយចំនួន ជាពិសេសអង្គការNPA ស៊ីម៉ាក់បានខិតខំប្រឹងប្រែងពង្រឹងសមត្ថភាព និងគុណភាពមន្ត្រីបុគ្គលិកជំនាញបច្ចេកទេសសុនខរបស់ខ្លួន និងធ្វើការស្រាវជាវ និងអភិវឌ្ឍន៍បច្ចេកទេសសុនខ ដើម្បីពន្លឿនកិច្ចប្រតិបត្តិការបោសសម្អាតមីននិងគ្រាប់ និងប្រតិបត្តការផ្សេងៗទៀត រួមមាន បច្ចេកទេសសុនខហិតមីនខ្សែវែង(LLD) សុនខហិតគ្រាប់យុទ្ឋភណ្ឌមិនទាន់ផ្ទុះ(EDD) សុនខហិតរកគ្រាប់ ជាតិផ្ទុះកែច្នៃ(IED) សុនខស្រាវជ្រាវបច្ចេកទេស(STD) និងសុនខស្រាវជ្រាវបច្ចេកទេសនិងបោសសម្អាតគ្រាប់បែកចង្កោម(CTD) ជាដើម។
ឯកឧត្តមបានបន្តថា៖ ក្រោមការដឹកនាំ និងការយកចិត្តទុកដាក់ខ្ពស់ខ្ពង់របស់ថ្នាក់ដឹកនាំស៊ីម៉ាក់ ទៅលើការអភិវឌ្ឍសុនខ គម្រោងកម្មវិធីសុនខ បានប្រែក្លាយជាមណ្ឌលសុនខមួយដ៏រឹងមាំ ប្រកបដោយសមត្ថភាព ដែលមានតួនាទី និងបំពេញភារកិច្ចសំខាន់ៗពីរគឺ ការងារស្រាវជ្រាវបច្ចេកទេស និងការបង្កាត់ពូជសុនខ, ការងារស្រាវជ្រាវបច្ចេកទេស និងហ្វឹកហ្វឺនពហុជំនាញបច្ចេកទេសសុនខ ដែលបច្ចុប្បន្នកំពុងហ្វឺនបច្ចេកទេសសុនខសម្រាប់បម្រើក្នុងវិស័យសកម្មភាពមីន។ មណ្ឌលសុនខ បាននិងកំពុងហ្វឹកហ្វឺនជំនាញបច្ចេកទេសសុនខការពារ សុនខបង្ក្រាបហ្វូងបាតុករប្រខាំ និងសុនខហិតដានក្លិន(ស្វែងរក មនុស្ស)។ ថ្មីៗកន្លងទៅនេះ ដោយសហការជាមួយសាកលវិទ្យាល័យវិទ្យា សាស្ត្រសុខាភិបាល មណ្ឌលសុនខបានទទួលជោគជ័យគួរជាទីមោតនៈ ក្នុងការស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកទេស សុនខហិតរកអ្នកផ្ទុកវីរុសជម្ងឺកូវីដ-១៩ ផងដែរ។
សមត្ថភាពនិងគុណភាពសុនខហិតមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះរបស់ស៊ីម៉ាក់ ត្រូវបានទទួលស្គាល់ទាំងនៅក្នុងប្រទេស ក្នុងតំបន់ និងលើពិភពលោក ហើយសុនខជំនាញបច្ចេកទេសហិតមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះមួយចំនួន ត្រូវបាននាំចេញដោយអង្គការAPOPO ទៅបំពេញប្រតិបត្តិការបោសសម្អាតមីននិងសំណល់យុទ្ធភណ្ឌសង្គ្រាម នៅក្រៅប្រទេសមួយចំនួនទៀតផង៕ អត្ថបទ ៖ ហុង វាស្នា









