ឈីលី៖ ក្រុមអ្នកពន្លត់អគ្គីភ័យបានប្រយុទ្ធនឹងភ្លើងឆេះព្រៃដ៏សន្ធោសន្ធៅ នៅក្នុងប្រទេសឈីលីកាលពីថ្ងៃអាទិត្យ ដោយបានស្វែងរកការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិដ៏អាក្រក់បំផុត របស់ប្រទេសក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ខណៈចំនួនអ្នកស្លាប់បានកើនឡើងដល់យ៉ាងហោចណាស់ ២៤នាក់ និងជិត ១,០០០នាក់ផ្សេងទៀតរងរបួស។

ជំនួយអន្តរជាតិត្រូវបានកំណត់ពេលមកដល់កាលពីថ្ងៃអាទិត្យ ពីប្រទេសមួយចំនួនដែលបានសន្យាថានឹងផ្តល់ធនធាន រួមទាំងយន្តហោះ និងក្រុមអ្នកពន្លត់អគ្គីភ័យជំនាញ ខណៈភ្លើងឆេះព្រៃខ្លាំងបំផុតបានឆេះបំផ្លាញព្រៃឈើ និងដីចំការដែលស្ថិតនៅជុំវិញតំបន់ចំនួនបី។ រដ្ឋាភិបាលរបស់ប្រធានាធិបតីលោក Gabriel Boric បានចេញសេចក្តីប្រកាសគ្រាអាសន្នសម្រាប់តំបន់ជនបទភាគខាងត្បូងភាគច្រើន ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីពន្លឿនការសង្គ្រោះ។ ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃអាទិត្យថា អគ្គិភ័យបានឆាបឆេះលើផ្ទៃដីប្រមាណ ២៧០,០០០ហិកតា។ រលកកំដៅដែលបក់បោកនៅក្នុងរដូវក្តៅនៃអឌ្ឍគោលខាងត្បូង បានធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងមានភាពស្មុគស្មាញក្នុងការពន្លត់អណ្តាតភ្លើង ដោយសារតែសីតុណ្ហភាពនៅក្នុងតំបន់មួយចំនួន ដែលរងផលប៉ះពាល់ខ្លាំងបំផុតមានលើសពី ៤០អង្សាសេ។

មន្ត្រីក្រសួងមហាផ្ទៃនិយាយថា អគ្គិភ័យប្រហែល ២៦០កន្លែងកំពុងមានសកម្មភាពនៅទូទាំងតំបន់ដែលស្ងួតហួតហែង ដោយ ២៨កន្លែងត្រូវបានចាត់ទុកថាមានគ្រោះថ្នាក់ខ្លាំង។ មនុស្សជិត ១,៥០០នាក់បានភៀសខ្លួនចេញទៅកាន់ទីជម្រកសុវត្ថិភាពក្នុងតំបន់ ហើយយ៉ាងហោចណាស់ ២៦នាក់ក្នុងចំណោមអ្នករងរបួស ៩៧០នាក់ត្រូវបានចុះបញ្ជីក្នុងស្ថានភាពធ្ងន់ធ្ងរនៅមន្ទីរពេទ្យក្នុងតំបន់។ អាជ្ញាធរកាលពីថ្ងៃសៅរ៍បាននិយាយថា ជំនួយនឹងមកដល់ក្នុងពេលឆាប់ៗនេះពីប្រទេសនានា រួមមានសហរដ្ឋអាមេរិក អាហ្សង់ទីន អេក្វាឌ័រ ប្រេស៊ីល និងវ៉េណេស៊ុយអេឡា ព្រមទាំងក្រុមបុគ្គលិកជំនាញមកពីប្រទេសអេស្ប៉ាញ៕
អត្ថបទ៖ ប៊ុនថន