បាល់ទាត់៖ ក្រុមអ្នកមានបុណ្យ FC Barcelona បានឡើងនាំមុខគេដាច់ដល់ទៅ ៨ពិន្ទុហើយនៅក្របខណ្ឌអេស្ប៉ាញ La Liga ក្រោយយកឈ្នះ Sevilla ៣-០ និងស្របពេលដែល Real Madrid ចាញ់នៅទឹកដី Real Mallorca ១-០។

បីគ្រាប់នៅវគ្គទី២ ដោយ Jordi Alba Gavi និង Raphinha គ្រប់គ្រាន់ល្មមនឹងឱ្យ Barcelona ទទួលបានបីពិន្ទុពីក្រុមធ្លាក់ជើង Sevilla នៅទឹកដី Camp Nou។ Barcelona ថ្វីបើឈ្នះមែន ក៏មានបញ្ហារបួសកីឡាករដែរគឺប្រធានក្រុម Sergio Busquet លេងបានត្រឹម ៤នាទីក៏មានរបួសកជើងផ្លាស់ប្តូរចេញ។ ក្រោយលេងបាន ២០ពិន្ទុ Barcelona មានសរុប ៥៣ពិន្ទុដាច់ក្រុមលេខ២ Real Madrid ៨ពិន្ទុ ខណៈ Sevilla ធ្លាក់ដល់លេខ ៦ ក្នុងតារាងមានត្រឹម ២១ពិន្ទុ និងនៅពីលើតំបន់គ្រោះថ្នាក់ត្រឹម ២ពិន្ទុប៉ុណ្ណោះ។

ងាកមកក្រុមការពារតំណែងជើងឯក Real Madrid មានសប្តាហ៍ដ៏អាក្រក់របស់ខ្លួន ក្រោយបរាជ័យនៅទឹកដី Mallorca។ មួយគ្រាប់ជ័យជំនះរបស់ម្ចាស់ផ្ទះសម្រេចបានតាំងពីនាទីទី១៣ ដោយបាល់ចូលទីខ្លួនឯងរបស់ Nacho តែអ្វីដែលកាន់តែស៊យទៀតនោះគឺវគ្គទី២ មានឱកាសតាមស្មើដោយបាល់ពិន័យ ១១ម៉ែត្រ តែ Marco Asensio បែជាស៊ុតបញ្ចូលទីអតីតក្លិបខ្លួនឯងដែលធ្លាប់ប្រកបអាជីពមុនផ្លាស់មកកាន់ Real Madrid។ ក្នុងចំណោមជំនួប ១៤ប្រកួតរវាងក្រុមទាំងពីរនេះជាជ័យជំនះលើកទី២ ប៉ុណ្ណោះសម្រាប់ Mallorca លើ Real Madrid ដែលធ្វើឱ្យពួកគេឡើងមកដល់លេខ ១០ ក្នុងតារាងដាច់តំបន់គ្រោះថ្នាក់ ៩ពិន្ទុ។ ចំណែក Real Madrid បន្តឈរលេខ២ តាមពីក្រោយ Barcelona ដល់ទៅ ៨ពិន្ទុ តែដាច់ក្រុមលេខបី Real Sociedad ៦ពិន្ទុ៕
អត្ថបទ៖នាង សុភាវុធ