ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លើកឡើងថា កំណើននៃយុវជនចូលរួមចុះឈ្មោះបោះឆ្នោតតាមបណ្តាខេត្ត បង្ហាញពីការយល់ដឹងពីលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្សរបស់កម្ពុជា។
ថ្លែងប្រាប់ BTV News បន្ទាប់ពីបានអញ្ជើញចុះពិនិត្យតាមលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តចំនួន៦ ស្តីពីដំណើរការរៀបចំឆ្ពោះទៅរកការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ រួមមាន ខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ ឧត្តរមានជ័យ សៀមរាប និងកំពង់ធំ ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានឲ្យដឹងថា តាមបណ្តាលេខាធិការដ្ឋានរៀបចំការបោះឆ្នោតនៃខេត្តទាំង៦ បានត្រៀមរួចរាល់ជាស្រេចតាមផែនការជាតិរបស់ គ.ជ.ប។
ឯកឧត្តម បានវាយតម្លៃចំពោះការអនុវត្តរបស់លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តនីមួយៗ មានស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីធានាដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តប្រព្រឹត្តទៅប្រកបដោយនិរន្តរភាព និងសុខដុមរមនាជូនប្រជាពលរដ្ឋ។
ឯកឧត្តម ហង្ស ពុទ្ធា បញ្ជាក់ថា ផ្អែកតាមកំណើនអ្នកចុះឈ្មោះបោះឆ្នោតគ្រប់អាយុ១៨ឆ្នាំកើនឡើង គ.ជ.ប បានកំណត់ក្រុមយុវជនជាក្រុមគោលដៅ ហើយការចូលរួមរបស់ពួកគាត់យល់ដឹងពីតួនាទី និងលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា។
លោក ជោ ម៉ាប់ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តព្រះវិហារ បានឲ្យដឹងថា ខេត្តព្រះវិហារ មានប្រជាពលរដ្ឋសរុបមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតជាង២៦ម៉ឺននាក់ ក្នុងចំណោមនោះយុវជនមានអាយុចាប់ពី១៨ឆ្នាំឡើងជាង១៥ម៉ឺននាក់។
ជាមួយគ្នានេះ លោក ក៏បានដាក់ចេញជាផែនការចុះផ្សព្វផ្សាយតាមគ្រឹះស្ថានសិក្សា និងឧត្តមសិក្សា ដើម្បីជាមូលដ្ឋានឲ្យពួកគាត់យកដឹង មុនចូលរួមធ្វើការបោះឆ្នោតនាពេលខាងមុខ។
បើតាមរបាយការណ៍របស់ គ.ជ.ប បង្ហាញកាលពីកន្លងទៅ ចំនួនអ្នកចុះឈ្មោះបោះឆ្នោត ក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២២ ដែលនឹងត្រូវប្រើសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ មានជាង៩លាន៧សែននាក់ ខណៈអ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីជិត ២៨ម៉ឺននាក់៕អត្ថបទ សេក ឧត្តម