ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន បានចេញសេចក្ដីណែនាំមួយនៅយប់នេះ ដោយប្រាប់ទៅអភិបាលរាជធានី និងខេត្តនានា ឱ្យពង្រឹងការអនុវត្តវិធានការបិទខ្ទប់នៅតំបន់កំពុងបិទខ្ទប់ និងអនុញ្ញាតឱ្យដាក់ចេញវិធានការបិទខ្ទប់ និងហាមឃាត់ការធ្វើដំណើរបស់ពលរដ្ឋចេញពីតំបន់មានការផ្ទុះការឆ្លងរីករាលដាលមេរោគកូវីដ១៩ខ្លាំង។
ក្នុងសេចក្ដីណែនាំនោះ សម្ដេចតេជោ ហ៊ុន សែន ប្រាប់ទៅអភិបាលរាជធានីភ្នំពេញ និងខេត្តដែលមានភូមិសាស្ត្រត្រូវបានដាក់ឱ្យបិទខ្ទប់នោះ ទប់ស្កាត់ចរាចរណ៍មនុស្សចេញ-ចូលតំបន់បិទខ្ទប់ ដោយថា ដើម្បីកាត់ផ្ដាច់ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃមេរោគកូវីដទៅតំបន់ផ្សេងទៀត។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានប្រាប់ទៅអភិបាលខេត្តដទៃទៀត ឱ្យអនុវត្តវិធានការបិទខ្ទប់ភូមិសាស្ត្រដែលផ្ទុះការឆ្លងរីករាលដាលមេរោគកូវីដ១៩ខ្លាំងផងដែរ ដើម្បីកាត់ផ្ដាច់ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃមេរោគកូវីដ១៩។
សម្រាប់ពលរដ្ឋដែលធ្វើដំណើរចេញពីតំបន់ដែលមានផ្ទុះការឆ្លងរីករាលធ្ងន់ធ្ងរនៃមេរោគកូវីដ១៩ សម្ដេចតេជោ ហ៊ុន សែន បានណែនាំទៅអភិបាលខេត្ត ត្រូវចាត់វិធានការចាំបាច់នានា ដូចជា ពិនិត្យសំណាកអ្នកដំណើរ និងវិធានការសុខាភិបាល ដូចជា ពាក់ម៉ាស់ រក្សាគម្លាត និងអនុវត្តចត្តាឡីស័កសម្រាប់អ្នកដំណើរដែល់វិលត្រឡប់ទៅដល់ភូមិសាស្ត្រស្ថិតក្នុងដែនសមត្ថកិច្ចរបស់អភិបាលខេត្តនោះ។
ក្នុងសេចក្ដីណែនាំនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានប្រាប់ទៅអភិបាលខេត្ត ឱ្យហាមឃាត់ការធ្វើដំណើរចេញ-ចូលខេត្តជាប់គ្នាផងដែរ ប្រសិនបើមានការផ្ទុះការឆ្លងរីករាលដាលខ្លាំងនៃមេរោគកូវីដ១៩នៅខេត្តជាប់គ្នានោះ។
សម្ដេចតេជោ ហ៊ុន សែន បានសេចក្ដីណែនាំបែបនេះ បន្ទាប់ពីសម្ដេចសម្រេចដកចេញវិញការហាមឃាត់ការធ្វើដំណើរឆ្លងពីខេត្តមួយទៅខេត្តមួយនៅថ្ងៃនេះ៕អត្ថបទ ៖ សុធី

