ពោធិ៍សាត់៖ នៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ស្ថិតក្នុងឃុំប្រម៉ោយ ស្រុកវាលវែង មានករណីសិស្សានុសិស្ស បានដួលសន្លប់ក្នុងម៉ោងសិក្សាជាបន្តបន្ទាប់ ក្នុងរយៈពេល០៣ថ្ងៃ ដោយពុំដឹងពីមូលហេតុ។
ចំនួន៣លើក សរុបចំនួន៨២នាក់ដោយ៖
-លើកទី១នៅថ្ងៃទី៣ ខែកុម្ភៈ មានសិស្សស្រីដួលសន្លប់ចំនួន១៣នាក់ ។
-លើកទី២នៅថ្ងៃទី៤ ខែកុម្ភៈ មានសិស្សស្រីដួលសន្លប់ចំនួន១៨នាក់ ។
-លើកទី៣នៅថ្ងៃទី៥ ខែកុម្ភៈ មានសិស្សដួលសន្លប់ចំនួន៥១នាក់ ក្នុងនោះសិស្សប្រុស០១ម្នាក់ ។
នេះបើយោងតាមតួលេខដែលទទួលបានពីរដ្ឋបាលស្រុកវាលវែង ។
ឯកឧត្តម ទី ថានី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកវាលវែង រួមនិងអាជ្ញាធរស្រុក និងមន្ទីរពាក់ព័ន្ធបានចុះធ្វើការស្រាវជ្រាវរកមូលហេតុ និងអន្តរាគមន៍ជួយសង្គ្រោះភ្លាមៗ
ដល់ទីតាំងកើតហេតុ ហើយបញ្ជូនសិស្សរងគ្រោះមកព្យាលបាលនៅមណ្ឌលសុខភាពប្រម៉ោយ ហើយបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តសម្រាប់អ្នកមានសភាពធ្ងន់ធ្ងរ។
ក្នុងនោះដែរ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញទាំងយប់ដើម្បីចុះជួបសួរសុខទុក្ខ ចំពោះសិស្សរងគ្រោះមានសភាពធ្ងន់ធ្ងរ កំពុងសម្រាក់ព្យាលបាល នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ផងដែរ ។
ចំពោះសិស្សរងគ្រោះគឺមានអាយុ ចាប់ពី ១៣ឆ្នាំ ដល់ ១៩ឆ្នាំ រោគសញ្ញាដែលសង្កេតឃើញពេលបញ្ជូនមក មណ្ឌលសុខភាព និងមន្ទីរពេទ្យខេត្ត រួមមាន៖ -ឈឺក្បាលវិលមុខ -ត្រជាក់ចុងដៃចុងជើង -ថប់ៗដង្ហើម
-សន្លប់ -ហ៊ឹងត្រចៀក -សម្ពាធឈមប្រហាក់ប្រហែលធម្មតា -និងមិនមានរោគសញ្ញាទាក់ទងនិងជំងឺប្រចាំកាយគួរឱ្យកត់សម្គាល់នោះទេ ។ចំពោះសិស្សដែលមានសភាពល្អប្រសើរវិញក្រោយសម្រាក់ព្យាលបាលត្រូវបានអនុញ្ញាតអោយត្រឡប់ទៅផ្ទះវិញជាបន្តបន្ទាប់ ។
ក្នុងនោះដែរវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ត្រូវបានដាក់អោយឈប់សម្រាក រយៈពេល៣ថ្ងៃ ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ កុម្ភៈ រង់ចាំស្ថានការណ៍ស្ងប់ស្ងាត់ឡើងវិញ ។
រហូតមកដល់ព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សិស្សភាគច្រើនត្រូវបានជួយសង្គ្រោះដោយពុំមានប៉ះពាលដល់អាយុជីវិតនោះទេ ហើយនៅមានសិស្សរងគ្រោះចំនួន០៨នាក់កំពុងសម្រាកព្យាលបាលនៅឡើង ក្នុងនោះសិស្សចំនួន០៣នាក់មានសភាពធ្ងន់ធ្ងរកំពុងសម្រាកព្យាលបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ក្រុងពោធិ៍សាត់ និងសិស្ស០៥នាក់ទៀត កំពុងសម្រាក់ព្យាបាលនៅមណ្ឌលសុខភាពប្រម៉ោយ ក្នុងស្រុកវាលវែង ចាប់ផ្តើមធូរស្រាលជាបណ្តើរៗហើយ ៕








