បាល់ទាត់៖ អតីតកីឡាករជម្រើសជាតិជប៉ុន Shinji Kagawa បានបង្ហាញខ្លួនក្នុងសន្និសីទសារព័ត៌មានផ្លូវការម្សិលមិញ ក្នុងការប្រកាសជាកីឡាកររបស់ក្លិប Cerezo Osaka។ កីឡាករវ័យ ៣៣ឆ្នាំរូបនេះបានបញ្ចប់ការប្រកបអាជីពនៅលើទឹកដីអឺរ៉ុបអស់រយៈពេល ១៣ឆ្នាំឈ្នះជើងឯកអាល្លឺម៉ង់ Bundesliga ជាមួយ Dortmund ក្រោមការដឹកនាំរបស់លោក Jurgen Klopp។
Kagawa ក្រោយមកក៏បានក្លាយជាកីឡាករជប៉ុនដំបូងបង្អស់ ដែលផ្លាស់មកកាន់ក្រុមបិសាចក្រហម Manchester United និងបានក្លាយជាកីឡាករអាស៊ីដំបូងដែលស៊ុតបញ្ចូលទីបីគ្រាប់ម្នាក់ឯង (Hat-Trick) នៅ English Premier League នៅពេលជួប Norwich City កាលពីខែមីនា ឆ្នាំ២០១៣។ លើសពីនេះទៅទៀត Shinji Kagawa ក៏បានក្លាយជាកីឡាករជប៉ុនដំបូងដែលឈ្នះជើងឯក English Premier League ផងដែរនៅពេល Manchester United លើកពាននៅឆ្នាំ២០១៣ ក្នុងរជ្ជកាលរបស់ Sir Alex Ferguson។
ក្រោយមក Shinji Kagawa ក៏បានចំណាយពេលលេងនៅអេស្ប៉ាញជាមួយ Real Zaragoz នៅក្រិកជាមួយ PAOK និងនៅប៊ែលហ្ស៊ិកជាមួយ Sint Truiden។ នៅក្រុមជម្រើសជាតិជប៉ុនវិញ Kagawa ស៊ុតបញ្ចូលទីបាន ៣១គ្រាប់ក្នុងការបង្ហាញខ្លួន ៩៧លើកឈ្នះជើងឯក AFC Asian Cup នៅឆ្នាំ២០១១ និងបង្ហាញខ្លួននៅ World Cup ពីរលើកនៅឆ្នាំ២០១៤ និង ២០១៨។ ការមកដល់ Cerezo Osaka នេះគឺជាការផ្លាស់មកដោយគ្មានតំលៃផ្ទេរ និងជាការវិលមករួបរួមជាមួយក្លិបចាស់របស់ខ្លួនវិញដែលធ្លាប់ចាប់ផ្តើមអាជីពកាលពីឆ្នាំ២០០៦ និងជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេផងដែរកាលពីពេល Osaka នៅលេងលីគទី២៕
អត្ថបទ៖នាង សុភាវុធ