បាល់ទាត់៖ ក្រុមជើងឯកអាល្លឺម៉ង់ Bayern Munich ទីបំផុតស្គាល់ជ័យជំនះលើកដំបូងក្នុងឆ្នាំ២០២៣ នេះក្រោយយកឈ្នះនៅទឹកដី Wolfsburg ៤-២ សប្តាហ៍ទី១៩ ក្របខណ្ឌអាល្លឺម៉ង់ Bundesliga។

បន្ទាប់ពីស្មើ ៣ប្រកួតជាប់គ្នា Bayern Munich ចាប់ផ្តើមការប្រកួតដោយរកបាន ៣គ្រាប់ក្នុងចន្លោះពេល ១០នាទីដោយ Kingsley Coman ពីរគ្រាប់ម្នាក់ឯងនាទីទី៩ និង ១៤ ខណៈ Thomas Muller រកបាននៅនាទីទី១៩ មុនពេលដែលម្ចាស់ផ្ទះតបបានមួយគ្រាប់វិញនាទីទី៤៤ ដោយ Jakub Kaminski។ ឈានដល់វគ្គទី២ Bayern Munich ក៏នៅសល់គ្នាត្រឹម ១០នាទីនៅពេលខ្សែបម្រើអាល្លឺម៉ង់ Joshua Kimmich ទទួលបានកាតក្រហមបណ្តេញចេញនៅនាទីទី៥៤។

យ៉ាងណាក្តីក្រុមរបស់លោក Julen Nagelsman នៅតែអាចរកគ្រាប់បាល់បានទៀតដោយ Jamal Musiala នៅនាទីទី៧៣ មុនពេលដែល Wolfsburg តាមបានមួយគ្រាប់វិញចុងម៉ោងដោយ Mattias Svanberg។ ជ័យជំនះនេះធ្វើឱ្យ Bayern Munich ត្រលប់មកនាំមុខគេក្នុងតារាងវិញមាន ៤០ពិន្ទុពីលើពីក្រុមលេខ២ Union Berlin ១ពិន្ទុ៕
អត្ថបទ៖នាង សុភាវុធ