ភ្នំពេញ ៖ លោក ឈឹម សុធី ប្រធាននាយកដ្ឋានសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តាមរយៈBTV ព័ត៌មាន នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ នេះថា សម្រាប់ទិសដៅឆ្នាំ២០២៣ មន្រ្តីជំនាញបានសិក្សាស្រាវជ្រាវបន្ត គម្រោងដែលបានអនុវត្តន៍ជិតចប់ ក្នុងឆ្នាំ២០២២ សិក្សាស្រាវជ្រាវសិល្បៈគំនូរបុរាណខ្មែរ ដើម្បីអភិរក្សលើកស្ទួយសិល្បៈដូនតារបស់ខ្មែរ ដែលបន្សល់ទុកសម្រាប់យុវជនជំនាន់ក្រោយ។
លោក ឈឹម សុធី បានបន្ថែមថា សម្រាប់គម្រោងស្រាវជ្រាវមកដល់ពេលនេះ បានជាង៨០%ហើយ និងគ្រោងបញ្ចប់នៅពាក់កណ្ដាលឆ្នាំ២០២៣ខាងមុខនេះអំពីសិល្បៈគំនូរបុរាណខ្មែរ។ ជាទូទៅមន្ត្រីជំនាញ បានចុះទៅតាមបណ្តាខេត្តមួយចំនួន ដែលមាននៅសេសសល់គំនូរបូរាណ ដើម្បីរៀបចំបញ្ចូលទៅក្នុងទិន្នន័យសៀវភៅ ដែលរៀបចំដោយនាយកដ្ឋាន។ ដោយយើងសង្កេតឃើញថា ការស្រាវជ្រាវគំនូរបុរាណនេះ ពីមុនៗមក គឺមានអ្នកស្រាវជ្រាវបូរាណវិទូ ជាជនជាតិបរទេស ក៏ដូចជាខ្មែរយើងមួយចំនួនផងដែរ។ ប៉ុន្តែភាគច្រើនស្រាវជ្រាវតែលើរូបភាពគំនូរ ដែលនិយាយពីពុទ្ធប្បវត្តិ ឬក៏រឿងរាមកេរ្តិ៍។
ប្រធាននាយកដ្ឋាន បានសង្កត់ធ្ងន់ថា ជាលទ្ធផលក្នុងការស្រាវជ្រាវ សៀវភៅគំនូរបុរាណខ្មែរ បានចំនួន២២៣ទំព័រ មានគម្រប់សព្វ តាំងពីរបៀបដុតលៀស ធ្វើកំបោរ ដើម្បីបូកលើជញ្ជាំង របៀបស្មាច់ ដោយធ្វើយ៉ាងណាឲ្យកំបោរនោះ បន្សាបបាននូវជាតិប្រៃ ដើម្បីថែរក្សាគំនូរបុរាណ ឲ្យមានអាយុកាលយូរអង្វែង ព្រមទាំងវិធីសាស្ត្រធ្វើឲ្យជញ្ជាំងមានភាពរលោង និងវិធីសាស្ត្រលាយពណ៌ ជាមួយជ័រឈើ ដើម្បីឲ្យព័ណ៌នោះជាប់លើជញ្ជាំង។
ជាចុងក្រោយលោក ឈឹម សុធី បានបញ្ជាក់ថា ដំណាច់ឆ្នាំ២០២២ នាយកដ្ឋាន ក្រោមចំណុះអគ្គនាយកដ្ឋានបច្ចេកទេស វប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអនុវត្តន៍ជាគោលដៅសំខាន់ ដើម្បីបម្រើវិស័យសិល្បៈសូនរូប និងសិល្បៈសិប្បកម្មនេះ ក្នុងនោះបានរៀបចំមហោស្រពគំនូរព័ណ៌ទឹក ដែលបេក្ខជន បេក្ខនារី ចូលរួមច្រើន បន្ទាប់មកការងារពិព័រណ៌សិល្បៈគំនូរបុរាណ បានប្រារព្ធឡើងក្នុងសារមន្ទីរជាតិភ្នំពេញ និងបើកសិក្ខាសាលា ស្តីអំពីសិល្បៈខ្មុកម្រ័ក្សណ៍ខ្មែរ ក្នុងន័យអភិរក្សសិល្បៈដូនតា របស់ខ្មែរដែលបានបន្សល់ទុកពីបរមបុរាណ៕ អត្ថបទ ៖ រដ្ឋា



