ភ្នំពេញ៖ នៅបញ្ជាការដ្ឋានកងវិស្វកម្មកងទ័ពជើងគោក ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុ ប្រធានទី១ អាជ្ញាធរមីន ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពីនីតិវិធីកាត់បន្ថយផ្ទៃដី និងគ្រប់គ្រងព័ត៌មានប្រតិបត្តិការ ដែលរៀបចំដោយបញ្ជាការដ្ឋាន កងទ័ពជើងគោក និងសហការជាមួយក្រុមគ្រូបង្គោលមកពីអាជ្ញាធរមីន ។
ឧត្តមសេនីយ៍ឯក អ៊ុច វ៉ាន់ថា មេបញ្ជាការរង និងជាមេបញ្ជាការកងវិស្វកម្ម កងទ័ពជើង គោក លើកឡើងថា ចាប់តាំងពីកងទ័ពជើងគោកចូលរួម និងទទួលគម្រោងបោសសម្អាត មីនមនុស្សធម៌ពីអាជ្ញាធរមីន ឆ្នាំ២០២២ នេះគឺជាវគ្គបណ្តុះបណ្តាលលើកទី១ ដែលអាជ្ញាធរ មីន បានផ្តល់ជូនកងកម្លាំងបោសសម្អាតមីនកងទ័ពជើងគោក ។
លោកបន្តថា នៅចុងខែកុម្ភៈ ឆ្នាំ២០២៣នេះ កងទ័ពជើងគោក មានគម្រោងរៀបចំឲ្យ មានវគ្គបណ្តុះបណ្តាល បន្ថែមជូនកងកម្លាំង ២៩កង នៃតំបន់ភូមិភាគ៥ និងបន្តរៀបចំវគ្គ បណ្តុះបណ្តាលតាមការចាំបាច់ ដែលវគ្គបណ្តុះបណ្តាលនេះ បញ្ជាការដ្ឋានកងទ័ពជើង ត្រូវ ការជាចាំបាច់នូវក្រុមគ្រូបង្គោលមកពីអាជ្ញាធរមីន និងជំនាញបច្ចេកទេសពីប្រតិបត្តិករដោះ មីនជាតិរបស់យើង។
ឯកឧត្តម លី ធុជ បានមានប្រសាសន៍ថា ការងារបោសសម្អាតមីននៅកម្ពុជា មាន វិសាលភាព ធំធេង និងស្មុគស្មា្ញណាស់ រាជរដ្ឋាភិបាលបានសម្រេចដាក់ចេញនូវទស្សនវិស័យវែងឆ្ងាយ និងផែនការច្បាស់លាស់ក្នុងការដោះស្រាយបញ្ហាមីនឲ្យអស់ត្រឹមឆ្នាំ២០២៥ ហើយការចូលរួមរបស់កងទ័ពជើងគោក ក្នុងការងារសកម្មភាពមីនមនុស្សធម៌ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការចូលរួមសម្រេចបាននូវទស្សនវិស័យនេះ ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ពិតជាចង់ឃើញប្រជាពលរដ្ឋគ្រប់ទីកន្លែង ទទួលបាននូវដីប្រកបដោយសុវត្ថិភាព និងស្នាមញញឹមទាំងអស់គ្នា ។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានណែនាំឲ្យក្រុមគ្រូបង្គោលអាជ្ញាធរមីន បន្តចែករំលែកបទពិសោធន៍ និងផ្តល់នូវខ្លឹមសារសម្រាប់វគ្គបណ្តុះបណ្តាលឲ្យកាន់តែស៊ីជម្រៅបន្តែមទៀត ដល់កងកម្លាំងបោសសម្អាតមីនរបស់កងទ័ពជើងគោក ព្រមទាំងបានជម្រុញឲ្យមានការរៀបចំវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសជាក់ស្តែងនៅទីវាល លើការងារបោសសម្អាតមីននេះ ៕ អត្ថបទ ៖ សុខរិទ្ធិ






