ភ្នំពេញ៖ ឯកឧត្តម ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការសហព័ន្ធ កីឡាវាយកូនហ្គោលកម្ពុជា បានថ្លែងថា បញ្ហាគ្រាប់មីនលែងបង្កហានិភ័យទៀតហើយ ដល់ ភ្ញៀវទេសរច ដែលមកលេងនៅកម្ពុជា និងស្នើមានការជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយ ។
នៅក្នុងឱកាសនាំយកថវិកា ចូលរួមក្នុងគម្រោងសម្ដេចតេជោ សម្រាប់សកម្មភាពមីន តំណាងសម្ដេចពិជ័យសេនា ទៀ បាញ់ ប្រធានសហព័ន្ធកីឡាវាយកូនហ្គោល នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ជា បូរ៉ា បានលើកឡើងថា ទោះបីកម្ពុជា ក្នុងតំបន់ខ្លះនៅមានចម្ការមីន ដែលបន្សល់ទុកតាំងពីសម័យសង្គ្រាម និងនៅមានប្រជាពលរដ្ឋជួបគ្រោះថ្នាក់ ប៉ុន្តែទីតាំងរមណីយដ្ឋានទេសចរណ៍នីមួយៗ សុទ្ធសឹងតែមានសុខសុវត្ថិភាព ។
ឯកឧត្តម រាល់ទីតាំងតំបន់ទេសចរណ៍ គឺត្រូវបានបោសសំអាតរួចរាល់ ហើយបើជាកន្លែងសង្ស័យមានគ្រាប់មីន ក៏អាជ្ញាធរ និងមន្ត្រីជំនាញ បានហាមឃាត់មិនឲ្យភ្ញៀវទេសចរទៅលេងកម្សាន្ត ហើយទីតាំងនោះត្រូវបានបិទផងដែរ ។
ឯកឧត្តម ជា បូរ៉ា បានបន្ថែមថា ដើម្បីឲ្យភ្ញៀវទេសចរមានភាពកក់ក្ដៅ សូមជួយឲ្យមានការផ្សព្វផ្សាយឲ្យបានទូលំទូលាយ ដើម្បីឲ្យពួកគេមកលេងកម្សាន្តនៅកម្ពុជា ឲ្យបានកើនតែច្រើន និងពុំមានការភ័យខ្លាច ។
ក្នុងឱកាសនោះ ឯកឧត្តម លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានមានប្រសាសន៍ថា បច្ចុប្បន្នកម្ពុជា នៅមានដីចម្ការមីននៅទូទាំងប្រទេសជាង ៦៦៨គីឡូម៉ែត្រក្រឡាទៀត ដោយកងកម្លាំងប្រតិបត្តិករនានា កំពុងធ្វើការបោសសំអាត ឲ្យអស់នៅត្រឹមឆ្នាំ២០២៥ខាងមុខ ។
ឯកឧត្តមបានបន្តថា នៅឆ្នាំ២០២៣នេះ កម្ពុជានឹងប្រកាសខេត្តចំនួន១៨ ជាខេត្តអស់មីន ហើយនៅខែកុម្ភៈនេះ នឹងប្រកាសខេត្តចំនួន២ ជាខេត្តអស់មីន គឺខេត្តកំពង់ចាម និងខេត្តស្វាយរៀង ខណៈខេត្តកណ្ដាល នឹងប្រកាសនៅខែមីនា ឆ្នាំ២០២៣នេះ ។
គួរបញ្ជាក់ថា ក្រៅពីដីចម្ការមីន កម្ពុជានៅមានផ្ទៃដីចម្ការគ្រាប់បែកចង្កោម និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ជាច្រើនគីឡូម៉ែត្រក្រឡាទៀត ត្រូវធ្វើការបោសសំអាត ហើយកម្ពុជានៅតែបន្តអំពាវនាវ ដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស រួមទាំងប្រទេសជាដៃបន្តជួយផ្ដល់ថវិកា និងសម្ភារៈ ដើម្បីឲ្យកម្ពុជាក្លាយជាប្រទេសលែងមានគ្រោះថ្នាក់ដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាម ៕ អត្ថបទ ៖ បាន សុខរិទ្ធិ,





