ទួរគី៖ ការរញ្ជួយដីដ៏ខ្លាំងក្លាមួយបានសម្លាប់មនុស្សជាង ៣.៧០០នាក់នៅទូទាំងប្រទេសប្រទេសទួរគី និងភាគពាយ័ព្យក្នុងប្រទេសស៊ីរីកាលពីថ្ងៃចន្ទ ទី៦កុម្ភៈ ខណៈអាកាសធាតុរដូវរងាត្រជាក់ខ្លាំងប៉ះពាល់ដល់អ្នករបួស និងអ្នកបាត់បង់ផ្ទះសម្បែងរាប់ពាន់នាក់ ព្រមទាំងក្រុមអ្នកសង្គ្រោះក្នុងការស្វែងរកអ្នកនៅរស់រានមានជីវិត។
រញ្ជួយដីកម្រិត ៧.៨រ៉ិចទ័របានផ្ដួលរលំប្លុកអគារអឹផាតមិនជាច្រើនទាំងស្រុងនៅក្នុងទីក្រុងនានា និងបង្កការបំផ្លិចបំផ្លាញបន្ថែមទៀតដល់ជនជាតិស៊ីរីរាប់លាននាក់ ដែលត្រូវបានជម្លៀសដោយសារសង្គ្រាម។ ការរញ្ជួយដីនេះបានវាយប្រហារមុនពេលថ្ងៃរះនៅក្នុងអាកាសធាតុអាប់អួរ និងមានការរញ្ជួយដីមួយផ្សេងទៀតនៅមុនពេលរសៀល។ អាជ្ញាធរគ្រោះមហន្តរាយ និងសង្គ្រោះបន្ទាន់នៅក្នុងប្រទេសទួរគីបាននិយាយនៅថ្ងៃអង្គារនេះថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ២.៣៧៩នាក់ និងជាង ១៣.០០០នាក់បានរងរបួសក្នុងការរញ្ជួយដីកាលពីថ្ងៃចន្ទ ដែលក្លាយជាការរញ្ជួយដីដ៏ធ្ងន់ធ្ងរបំផុតរបស់ប្រទេសនេះ ចាប់តាំងពីការរញ្ជួយក្នុងកម្រិតស្រដៀងគ្នានោះកាលពីឆ្នាំ១៩៩៩ ដែលបានបំផ្លិចបំផ្លាញតំបន់សមុទ្រ Marmara ដែលមានប្រជាជនរស់នៅច្រើនបំផុតភាគខាងកើតជិតទីក្រុង Istanbul សម្លាប់មនុស្សជាង ១៧.០០០នាក់។
ចំណែកនៅក្នុងប្រទេសស៊ីរីវិញមនុស្សជាង ១.៤៥០នាក់បានស្លាប់ក្នុងការរញ្ជួយដីកាលពីថ្ងៃចន្ទ និងប្រមាណ ៣.៥០០នាក់បានរងរបួស នេះបើយោងតាមទិន្នន័យពីរដ្ឋាភិបាលក្រុងដាម៉ាស់ និងក្រុមសង្គ្រោះ នៅក្នុងភាគពាយ័ព្យនៃតំបន់ដែលគ្រប់គ្រងដោយក្រុមបោះបោរប្រឆាំងរដ្ឋាភិបាល៕ អត្ថបទ៖ សុខមាន

