ស៊ីហ្គេម៖ ព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ នៅកម្ពុជា កំពុងមានការចាប់អារម្មណ៍ និងទាក់ទាញដៃគូឧបត្ថម្ភជាច្រើន ជាក់ស្ដែងព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជានេះ បានទទួលដៃគូឧបត្ថម្ភធំថ្មីមួយទៀតគឺក្រុមហ៊ុនជប៉ុន Ajinomoto ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី០៦ ខែកុម្ភៈម្សិលមិញនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ បានឲ្យដឹងថា Ajinomoto គឺជាក្រុមហ៊ុនទី៤ ដែលបានចុះហត្ថលេខាលើភាពជាដៃគូឧបត្ថម្ភធំដល់ការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជា បន្ទាប់ពីធនាគារ ABA ឧបត្ថម្ភក្នុងនាមវិស័យហេរញ្ញវត្ថុ និងធនាគារ, ក្រុមហ៊ុន AIA ឧបត្ថម្ភក្នុងនាមវិស័យធានារ៉ាប់រងអាយុជីវិត និងក្រុមហ៊ុន FBT ដែលផ្ដល់ការឧបត្ថម្ភសម្លៀកបំពាក់រាប់ម៉ឺនសម្រាប់ដល់ដំណើរការរៀបចំការប្រកួត។
រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលបន្ថែមថា បច្ចុប្បន្នព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជា កាន់តែល្បី កាន់តែមានប្រជាប្រិយ បន្ទាប់ពីមានការផ្សព្វផ្សាយកាន់តែទូលំទូលាយ ពិសេសការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការអំពាវនាវគ្រប់វេទិកា ធ្វើឲ្យគុណតម្លៃព្រឹត្តិការណ៍នេះកាន់តែរីកធំឡើងៗ និងមានភាពទាក់ទាញកាន់តែខ្លាំង។ ការណ៍នេះបានធ្វើឲ្យវិស័យឯកជនជាច្រើនបានចាប់អារម្មណ៍ ហើយក្រៅពីក្រុមហ៊ុនទាំង ៤ ដែលបានចុះហត្ថលេខារួច ក៏មានក្រុមហ៊ុនជាច្រើនទៀតកំពុងចរចា ហើយអាចឈានដល់ការព្រមព្រៀងក្នុងពេលឆាប់ៗផងដែរ ដូចជាក្រុមហ៊ុនភេសជ្ជៈ និងសេវាកម្មផ្សេងៗជាដើម៕
អត្ថបទ៖ លី ឈុនឡា