ម៉ូតូទឹក៖ កីឡាករ សាលី អ៊ូមើត ម្ចាស់មេដាយមាស Asian Games 2018 និងកីឡាករ ម៉ីន ម៉ូស្ដាន បានបើកទំព័រប្រវត្តិសាស្ត្រថ្មីនៃការប្រកួតកីឡាម៉ូតូទឹក ជ្រើសរើសជើងឯកពិភពលោក Jet Ski World Cup 2021 នៅប្រទេសថៃ បន្ទាប់ពីអ្នកទាំងពីរដណ្ដើមបានចំណាត់ថ្នាក់ Top-5 លើកដំបូង ក្នុងនាមកីឡាករអាស៊ីលើវិញ្ញាសាស្គីឈរ ឬ Ski GP ដែលជាវិញ្ញាសាធំគេនៃប្រភេទកីឡាលើទឹកនេះ។

សាលី អ៊ូមើត បានថ្លែងប្រាប់ក្រុមការងារ BTV-News តាមរយៈសារអេឡិចត្រូនិចពីទីក្រុងប៉ាតាយ៉ា ក្រោយចប់ការប្រកួតកាលពីល្ងាចថ្ងៃទី២៥ ខែមេសាថា ខ្លួន និង ម៉ីន ម៉ូស្ដាន ដែលត្រូវជាប្អូនជីដូនមួយ ពិតជារំភើបរីករាយជាខ្លាំងទោះពុំទទួលបានជើងឯក តែពួកគេបានបង្កើតកំណត់ត្រាថ្មីក្នុងនាមកីឡាករអាស៊ីដំបូង ដែលដណ្ដើមបានពាន Top-5 ដ្បិតកន្លងមកពុំធ្លាប់មានកីឡាករអាស៊ីណាម្នាក់ធ្វើបានឡើយ សូម្បីចំណាត់ថ្នាក់ Top-10។ អ៊ូមើត បន្ដថា ក្នុងវិញ្ញាសាស្គីឈរ គេបែងចែកជា ២ ទី១-វិញ្ញាសាស្គីឈរ ដែលមិនមានកំណត់កម្លាំងម៉ាស៊ីន ពោលគឺកីឡាករអាចលេងកម្លាំងម៉ាស៊ីនដោយសេរី ខណៈទី២ គឺវិញ្ញាសាស្គីឈរ ដែលកំណត់កម្លាំងម៉ាស៊ីនត្រឹម ១,៥០០CC ប៉ុណ្ណោះ។ ក្នុងវិញ្ញាសាទាំង ២ នេះកីឡាករជម្រើសជាតិកម្ពុជាទាំងពីរបានប្រកួតវិញ្ញាសាទី១ ដែលជាវិញ្ញាសាធំជាងគេដូចគ្នា ដោយកីឡាករ សាលី អ៊ូមើត ទទួលបានចំណាត់ថ្នាក់លេខ៤ និងសិស្សប្អូន ម៉ីន ម៉ូស្ដាន ទទួលបានចំណាត់ថ្នាក់លេខ៥។

កីឡាករមានប្រភពពីខេត្តត្បូងឃ្មុំបានបញ្ជាក់ថា សម្រាប់វិញ្ញាសាស្គីឈរដែលប្រើកម្លាំងម៉ាស៊ីនដោយសេរីនេះ គឺមានកីឡាករចូលរួមប្រកួតជាង ៣០នាក់។ ចំពោះកីឡាករទទួលបានជ័យលាភីលេខ១ បានទៅកីឡាករប៊ែលហ្ស៊ិក Quinten Vandenbossche ដែលជាជើងឯកច្រើនសម័យ ខណៈចំណាត់ថ្នាក់លេខ២ និងលេខ៣ បានទៅកីឡាករបារាំងដូចគ្នា ស្របពេលចំណាត់ថ្នាក់លេខ៤ និងលេខ៥ ក៏បានមកកីឡាករជម្រើសជាតិកម្ពុជាដូចគ្នាដែរ។ គួរបញ្ជាក់ថា ការប្រកួតកីឡាម៉ូតូទឹកជ្រើសរើសជើងឯកពិភពលោក Jet Ski World Cup 2021 នៅប្រទេសថៃ បានធ្វើឡើងរយៈពេល ៥ថ្ងៃចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែមេសា នៅតំបន់ឆ្នេរ នៃទីក្រុងប៉ាតាយ៉ាដោយមានប្រទេសជាច្រើនចូលរួម ក្នុងនោះក៏មានវត្តមានក្រុមជម្រើសជាតិកម្ពុជា ៥រូបចូលរួមដែរ ក្នុងនោះក្រៅពីកីឡាករ សាលី អ៊ូមើត និង ម៉ីន ម៉ូស្ដាន ដែលដណ្ដើមបានជ័យលាភី កីឡាករ ម៉ីន អូស្មាន ក៏ដណ្ដើមបានចំណាត់ថ្នាក់លេខ៥ លើវិញ្ញាសា Novice ski 1500 Stock ផងដែរ៕
អត្ថបទ៖ លី ឈុនឡា