បាល់ទាត់៖ ខ្សែបម្រើជំរើសជាតិហ្កាណា Christian Atsu ស្ថិតក្នុងចំណោមមនុស្សដែលបាត់ខ្លួន ក្រោយហេតុការណ៍គ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរមួយនៅប្រទេសទួរគីកាលពីថ្ងៃចន្ទ។ អតីតខ្សែបម្រើក្រុម Newcastle រូបនេះរស់នៅក្នុងអគារលំនៅដ្ឋានមួយនៅទីក្រុង Hatay ប្រទេសទួរគីដែលបានបាក់រលំដោយសារការរញ្ជួយដីនេះ។
Atsu បានស៊ុតបញ្ចូលទីគ្រាប់ជ័យជំនះនៅនាទីទី៩០+៧ នៅក្របខណ្ឌលីគកំពូលទួរគីឱ្យក្រុម Hatayspor កាលពីយប់ថ្ងៃអាទិត្យយកឈ្នះលើ Kasimpasa ១-០ តែបានប៉ុន្មានម៉ោងក្រោយមកក៏ត្រូវបានគេរាយការណ៍ថាបាត់ខ្លួន បន្ទាប់ពីហេតុការណ៍រញ្ជួយដីកម្រិត ៧.៨រ៉ិចទ័រដែលបានលេបត្របាក់អគារស្នាក់នៅមួយចំនួនធំនៅព្រំដែនទួរគី និងប្រទេសស៊ីរី។
ប្រធានក្លិប Hatayspor លោក Mustafa Ozat បានប្រាប់ទូរទស្សន៍ទួរគីថា Christian Atsu ស្ថិតក្នុងចំណោមជនរងគ្រោះដែលបាត់ខ្លួនទាំងអស់នោះ ខណៈកីឡាករ រួមជាមួយមន្ត្រីក្លិបមួយចំនួនត្រូវបានជួយសង្គ្រោះ។ រំលឹកថា Christian Atsu បច្ចុប្បន្នវ័យ ៣១ឆ្នាំធ្លាប់ចំណាយពេលលេងនៅ Premier League ជាមួយ Newcastle និង Everton ហើយក៏ធ្លាប់ផ្លាស់ទៅ Chelsea ក្នុងកិច្ចសន្យាខ្ចី មុនផ្លាស់ទៅកាន់ Hatayspor កាលពីខែកញ្ញាឆ្នាំមុន៕
អត្ថបទ៖នាង សុភាវុធ