អ៊ុយក្រែន៖ ប្រមុខអង្គការសហប្រជាជាតិលោក Antonio Guterres បានព្រមានពិភពលោកថា ជម្លោះអាចកំពុងបោះជំហានទៅរកសង្គ្រាមកាន់តែធំ ខណៈការប្រឈមនឹងការរីកកាន់តែធំនៃជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន។

នៅក្នុងសុន្ទរកថាទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិចំនួន ១៩៣ប្រទេសកាលពីថ្ងៃចន្ទ ក្នុងពេលបង្ហាញពីចំណុចអាទិភាពសម្រាប់ឆ្នាំ២០២៣ របស់លោក លោក Guterres បានរិះគន់ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ដោយនិយាយថា សង្គ្រាមកំពុងបង្កការរងទុក្ខដល់ពលរដ្ឋអ៊ុយក្រែនរាប់លាននាក់ ព្រមទាំងបានប៉ះពាល់ខ្លាំងដល់ពិភពលោកទាំងមូលទៀតផង។ លោកថា ក្ដីរំពឹងសម្រាប់សន្តិភាពកាន់តែតិចទៅៗ។ ឱកាសនៃការរីកកាន់តែធំ និងធ្ងន់ធ្ងរនៃជម្លោះនៅតែកើនឡើងខ្លាំង។

ខ្ញុំបារម្ភថា ពិភពលោកនឹងដើរធ្លាក់ក្នុងសង្គ្រាមកាន់តែធ្ងន់ធ្ងរដោយមិនដឹងខ្លួន។ ខ្ញុំបារម្ភថា បានត្រឹមតែបើកភ្នែកឈរមើល។ ជម្លោះដែលមានរយៈពេលជិត ១ឆ្នាំបានកំពុងរីកកាន់តែធំនៅក្នុងពេលប៉ុន្មានសប្ដាហ៍នេះ ដោយមានការវាយប្រយុទ្ធដ៏ខ្លាំងក្លារវាងកងកម្លាំងរុស្ស៊ី និងអ៊ុយក្រែន ដណ្ដើមគ្រប់គ្រងទីក្រុងនានាក្នុងភាគខាងកើតអ៊ុយក្រែន៕
អត្ថបទ៖ សុខមាន