ភ្នំពេញ៖ លោក ឈើតគាត អាត់ថាកន ឯកអគ្គរាជថៃប្រចាំនៅកម្ពុជា បានថ្លែងកោតរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសកម្ពុជាក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅនេះ រួមទាំងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងថៃ ក៏បានពង្រឹងពង្រីកលើគ្រប់វិស័យផងដែរ ដូចជាផ្នែកពាណិជ្ជកម្ម និងការវិនិយោគមានការកើនឡើងគួរឱ្យកត់សម្គាល់។
ថ្លែងនៅក្នុងកិច្ចជំនួបពិភាក្សាជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅវិមានព្រឹទ្ធសភា លោក ឈើតគាត អាត់ថាកន (Cherdkiat ATTHAKOR) បានលើកឡើងថា បន្ទាប់ពីជំងឺកូវីដ-១៩បានធូរស្បើយ ប្រទេសទាំងពីរបានបើកព្រំដែន សម្របសម្រួលការធ្វើដំណើរវាងប្រជាជន ជាពិសេសការចាប់ផ្តើមធ្វើពាណិជ្ជកម្មតាមព្រំដែន នៃប្រទេសទាំងពីរឡើងវិញ។
លោក សង្ឃឹមថា ការផ្លាស់ប្តូរទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគនៃប្រទេសទាំងពីរ នឹងមានការកើនឡើងបន្ថែមទៀតនៅឆ្នាំខាងមុខនេះ។ ជាមួយគ្នានេះ ទំនាក់ទំនងរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ ក៏នឹងត្រូវបានពង្រឹងពង្រីកបន្ថែមទៀតផងដែរ។
ជាមួយគ្នានោះដែរ លោកឯកអគ្គរាជទូតសង្ឃឹមថា តាមរយៈបេសកកម្មការទូតរបស់លោកនឹងខិតខំអនុវត្តឱ្យសម្រេចបានសមិទ្ធផលថ្មីៗ ដែលរួមចំណែកដល់ការពង្រឹងពង្រីកទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងសភា រដ្ឋាភិបាល ប្រជាជន និងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត។
ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវសេចក្តីរីករាយដោយបានឃើញនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរមានការរីកចម្រើនជាលំដាប់។ ការរីកចម្រើននេះ ស្តែងឡើងតាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកំពូល ថ្នាក់ដឹកនាំជាន់ខ្ពស់ ថ្នាក់ដឹកនាំតាមក្រសួង ស្ថាប័ន និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនជាបន្តបន្ទាប់ ព្រមទាំងបានគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការអន្តរជាតិផងដែរ។
សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវសេចក្តីរីករាយអំពីការរីកចម្រើនខាងសេដ្ឋកិច្ច វិនិយោគរវាងប្រទេសទាំងពីរ ជាពិសេសការរក្សាបាននូវកំណើននៃការផ្លាស់ប្តូរពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍រវាងប្រទេសទាំងពីរផងដែរ៕ អត្ថបទ៖ បាន ចក់





