ឧត្តរមានជ័យ៖ ឯកឧត្តម ប៉ែន កុសល្យ បានជំរុញដល់មន្ដ្រីប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិទាំង៣ ដែលទទួលបានមុខដំណែងនាពេលនេះ ត្រូវបន្តខិតខំបំពេញភារកិច្ចការងារថ្មី ឱ្យមានប្រសិទ្ធភាពខ្ពស់សាមគ្គីភាព ផ្ទៃក្នុងល្អ និងបម្រើផលប្រយោជន៍រួមដល់ប្រជាពលរដ្ឋទាំងសងខាងរវាងខេត្តជាប់ព្រំដែន។
ថ្លែងបែបនេះ ក្នុងឱកាសឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ ចូលរួមប្រកាសចូលកាន់មុខដំណែងប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែន អន្តរជាតិជាំ អូរស្មាច់ និងច្រកជប់គគីរ នារសៀលថ្ងៃទី៦ កុម្ភៈ ម្សិលមិញនេះ ។
ឯកឧត្តម ប៉ែន កសល្យ មានប្រសាសន៍បន្ដថា ការផ្លាស់ប្តូរនិងការប្រកាសផ្ទេរភារកិច្ចចូលកាន់មុខតំណែងមន្រ្តីរាជការ របស់ច្រកទ្វារព្រំដែនអន្តរជាតិទាំង៣ គឺជាគោលការណ៍របស់មន្ត្រីរាជការគ្រប់រូបដែលត្រូវមានការផ្លាស់ប្តូររាល់មួយអាណត្តិស្មើ២ឆ្នាំម្តង របស់ប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិទាំងអស់។
ឯកឧត្តម បានបន្តថា មន្រ្តីដែលជាប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិទាំងអស់គឺមានតួរនាទីភារកិច្ចរបស់ខ្លួនក្នុងការទំនាក់ទំនងរវាងច្រកព្រំដែនទាំង៣ ក្នុងការប្រាស្រ័យទាក់ទងគ្នាឲ្យបានល្អប្រសើររវាងកម្ពុជា-ថៃ ក្នុងកិច្ចប្រតិបត្តិការផ្សេងៗ រវាងច្រកជាប់ព្រំដែនទាំង៣ សម្រួលរាល់បញ្ហាប្រឈមនានារវាងភាគីទាំងសងខាងពិសេស ក្នុងការផ្តល់សេវាឲ្យមានតម្លាភាព សមត្ថភាព និងប្រសិទ្ធភាពខ្ពស់ជូនប្រជាពលរដ្ឋផងដែរ។
គួរបញ្ជាក់ថា លោក ស៊ាប់ យឿន ប្រធានស្នាក់ការច្រកទ្វារជាំស្រុកអន្លង់វែង,លោក ហ៊ូតារារិទ្ធ ប្រធានច្រកទ្វារព្រំដែនអូរស្មាច់ ក្រុងសំរោង ត្រូវផ្លាស់ប្ដូរឱ្យមកបម្រើការងារនៅរដ្ឋបាលខេត្ត ដាក់ជំនួសដោយ លោក រ៉េម ផល្លាវី ប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារជាំ, លោក ឯម បញ្ញារិទ្ធ ប្រធានស្នាក់ការច្រកទ្វារអូរស្មាច់ និងលោក ស៊ីម ហុច ប្រធានស្នាក់ការច្រកទ្វារជប់គគីរ៕ អត្ថបទ៖ សារិទ្ធ






