បាល់ទាត់៖ ក្របខណ្ឌបាល់ទាត់អង់គ្លេស Premier League បានសម្រេចដាក់ពិន័យក្លិប Manchester City ក្រោមការចោទប្រកាន់ពីការគ្រប់គ្រងហិរញ្ញវត្ថុដែលបំពានច្បាប់របស់ Premier League ជាង ១០០ករណី។ Premier League បានធ្វើការស៊ើបអង្កេតអស់រយៈពេល ៤ឆ្នាំ និងរកឃើញពីការចំណាយលើប្រាក់កម្រៃជើងផ្សារ ដែលបំពានដល់ច្បាប់ចាយវាយចន្លោះឆ្នាំ២០០៩ ដល់ ២០១៨។
រឿងមួយទៀតនោះ Manchester City ក៏ត្រូវបានចោទប្រកាន់ពីការមិនសហការស៊ើបអង្កេតដែលចាប់ផ្តើមតាំងពីខែធ្នូ ឆ្នាំ២០១៨ មកម្ល៉េះ។ រដូវកាលមុន Manchester City បានគ្រងជើងឯក English Premier League លើកទី៦ ចាប់តាំងពីការចាប់វិនិយោគដោយ Abu Dhabi United Group។ តាមរយៈការចោទប្រកាន់ និងដាក់ពិន័យនេះ រួមមានការពិន័យជាទឹកប្រាក់ ការកាត់ពិន្ទុ រឺក៏ឈានដល់កាត់ចេញពីក្របខណ្ឌ Premier League ទៀតផង។ បើតាមសេចក្តីថ្លែងការរបស់ Premier League ថា City បានបំពានពីគោលការណ៍ ដែលតម្រូវឱ្យពួកគេផ្តល់ព័ត៌មានឱ្យច្បាស់លាស់ជុំវិញការចំណាយរបស់ខ្លួន និងត្រឹមត្រូវតាមច្បាប់របស់ Premier League។
ការចំណាយរបស់ City ដែលតម្រូវឱ្យផ្តល់ព័ត៌មានជាក់លាក់ និងច្បាស់លាស់នោះគឺរួមមានដូចជាចំណូលចំណាយរបស់ក្លិប ការចំណាយទូទៅលើការគ្រប់គ្រងក្លិប និងប្រាក់ចំណូលបានពីដៃគូឧបត្តម្ភជាដើម។ រំលឹកថា កាលពីឆ្នាំ ២០២០ Manchester City ក៏បានរងការដាក់ពិន័យដោយ UEFA ផងដែរជុំវិញការគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួនចន្លោះឆ្នាំ ២០១២- ២០១៦ ដែលឈានដល់ការដាក់ពិន័យមិនឱ្យចូលរួមការប្រកួតក្របខណ្ឌអឺរ៉ុប តែក្រោយមកក៏ត្រូវបានលុបចោលវិញមួយឆ្នាំក្រោយមកដោយតុលាការមជ្ឈត្តការកីឡា CAS មួយឆ្នាំក្រោយមក៕
អត្ថបទ៖នាង សុភាវុធ