បាល់ទាត់៖ ក្លិប Leeds United បានសំរេចបញ្ចប់តំណែងអ្នកចាត់ការលោក Jesse Marsch ហើយក្រោយដឹកនាំបានមួយឆ្នាំ។ Leeds United ចាញ់ Nottingham Forest ចុងក្រោយបំផុត ១-០ កាលពីថ្ងៃអាទិត្យ ដែលជាប្រកួតទី៧ នៅ Premier League មិនដែលឈ្នះ ពោលគឺឈ្នះចុងក្រោយបំផុតតាំងពីថ្ងៃទី៥ ខែវិច្ឆិកា។
បច្ចុប្បន្ន Leeds ធ្លាក់មកដល់លេខ ១៧ ក្នុងតារាងនៅឈរពីលើតំបន់គ្រោះថ្នាក់ ដោយសារគ្រាប់បាល់ចំណេញប៉ុណ្ណោះ។ គិតជារួមក្នុងរដូវកាលនេះ Leeds ឈ្នះតែ ៤ប្រកួតប៉ុណ្ណោះក្នុងចំណោម ២០ប្រកួតនៅ Premier League ក្រៅពីនោះស្មើ ៦ ចាញ់ ១០។ រំលឹកថា អ្នកចាត់ការសញ្ជាតិអាមេរិក Jesse Marsch បានចូលមកកាន់តំណែងជំនួសលោក Marcelo Bielsa កាលពីខែកុម្ភៈឆ្នាំមុននៅពេល Leeds ឈរលេខ ១៦ ក្នុងតារាង និងជួយសង្គ្រោះ Leeds ពីការកាត់ចោលរដូវកាលមុនក្រោយឈ្នះ Brentford សប្តាហ៍ចុងក្រោយ។
ក្រៅពីការដកតំណែងលោក Jesse Marsch នោះ Leeds ក៏បានបញ្ចប់តំណែងគ្រូបង្វឹក Rene Maric រួមជាមួយនឹងជំនួយការពីរនាក់ទៀត។ Leeds នឹងត្រូវទៅទឹកដី Manchester United យប់ថ្ងៃពុធនេះ និងជួប Manchester United ម្តងទៀតនៅថ្ងៃអាទិត្យក្នុងទឹកដីរបស់ខ្លួន៕
អត្ថបទ៖នាង សុភាវុធ