កណ្ដាល៖ ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីន (CMAC) បានអះអាងថា ការបូមខ្សាច់នៅបាតទន្លេ នៅជិតចំណុចកោះពាមរាំង ស្ថិតក្នុងឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង ដើម្បីងាយស្រួលដល់ការបោសសំអាតសំណល់ជាតិផ្ទុះពីសម័យសង្គ្រាម មិនមែនជាការធ្វើអាជីវកម្មអចិន្ត្រៃយ៍ និងស្នើកុំឲ្យពលរដ្ឋមានការយល់ច្រឡំ ។
ឆ្លើយតបនឹងកង្វល់របស់ពលរដ្ឋ លើកឡើងក្នុងវេទិកាសាធារណៈ ស្តីពី ការបូមខ្សាច់ ដើម្បីគាំទ្រកិច្ចប្រតិបត្តិការបោសសំអាត គ្រាប់មីនមិនទាន់ផ្ទុះ និងស្រង់នាវាលិចនៅបាតទន្លេ នៅថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ហេង រតនា មានប្រសាសន៍ថា នៅតំបន់កោះពាមរាំង ជាទីតាំងមាននាវាលិច ហើយមានការធ្លាក់គ្រាប់ជាច្រើន នៅក្នុងបាតទន្លេ ដែលបង្កហានិភ័យដល់ប្រជាពលរដ្ឋ និងទាមទារត្រូវបោសសំអាត ។
ឯកឧត្តម បានបន្តថា បន្ទាប់ពីទទួលបាននូវគោលការណ៍ពីរាជរដ្ឋាភិបាលកម្ពុជា ក្រុមការងារអន្តរក្រសួង បានរៀបចំផែនការធ្វើការបោសសំអាត ដោយប្រើប្រាស់រយៈពេល ១៨ខែ ចាប់ពីថ្ងៃទី១១ ខែមិនា ឆ្នាំ២០២២ ដែលការបោសសំអាតនេះ គឺត្រូវបូមខ្សាច់សិន ទើបអាចអនុវត្តការងារបាន ប៉ុន្តែការបូមនេះ គឺធ្វើតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ មិនមែនចេះតែបូមនោះទេ ដែលបញ្ហានេះសូមអំពាវនាវដល់ពលរដ្ឋមានការចូលរួមសហការ ហើយសូមកុំជឿតាមការញុះញង់របស់ជនដទៃ តវ៉ាបង្អាក់សកម្មភាពនេះ ។
ឯកឧត្តម ហេង រតនា បានបញ្ជាក់ថា សម្រាប់ខ្សាច់ដែលបូមបាន គឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមនឹងស្ថាប័នពាក់ព័ន្ធ ជាអ្នកចាត់ចែក ហើយចំណូលបានពីការលក់ខ្សាច់នេះ គឺ៩០ភាគរយ ដាក់ចូលក្នុងថវិការដ្ឋ ហើយ១០ភាគរយទៀត ទុកសម្រាប់អភិវឌ្ឍមូលដ្ឋាន ។
គួរបញ្ជាក់ថា ប្រតិបត្តិការរុករកសំណល់ជាតិផ្ទុះ នៅកោះពាមរាំង មានកម្លាំងអនុវត្តចំនួន៦៧នាក់ ក្នុងនោះមានកម្លាំងស៊ីម៉ាក់ អង្គភាពពិសេស៩១១ រួមទាំងការប្រើប្រាស់សម្ភារសំខាន់ៗជាច្រើនប្រភេទ ។ ក្នុងរយៈពេលជិត១ឆ្នាំមកនេះ បន្ទាប់ពីកំណត់នូវទីតាំង និងទំហំច្បាស់លាស់ ក្រុមការងារបានរកឃើញកាកសំណល់ជាតិផ្ទុះ និងគ្រាប់មីនចំនួនជាង ២ ៧០០គ្រាប់ កាំភ្លើងធុនស្រាល២ដើម និងបំណែកនាវាប្រមាណជាង ៦ ៦០០គីឡូក្រាម សរុបទាំងអស់មានទម្ងន់ជិត ៤ម៉ឺនគីឡូក្រាម ៕ អត្ថបទ ៖ បាន សុខរិទ្ធ








