ស៊ីរី៖ ក្រុមអ្នកសង្គ្រោះនៅក្នុងប្រទេសទួរគី និងស៊ីរីបានតស៊ូទប់ទល់អាកាសធាតុត្រជាក់ខ្លាំងកាលពីថ្ងៃអង្គារ ប្រជែងពេលវេលាដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិត ក្រោមអគារដែលបាក់រលំរាបដល់ដីដោយសារតែការរញ្ជួយដី ដែលបានសម្លាប់មនុស្សជាង ៧.៨០០នាក់។
ការរញ្ជួយដែលបានបង្កការរងទុក្ខកាន់តែខ្លាំងលើតំបន់ព្រំដែន ដែលត្រូវបានញាំញីដោយជម្លោះរួចទៅហើយ បានបណ្ដាលឲ្យមនុស្សចេញទៅអាំងភ្លើងនៅលើគំនរថ្មដែលកំពុងឆេះ ដើម្បីព្យាយាមកំដៅខ្លួនក្នុងពេលរងាខ្លាំង ខណៈជំនួយអន្តរជាតិបានចាប់ផ្ដើមទៅដល់បណ្ដើរៗ។ អ្នកនៅរស់រានមានជីវិតត្រូវបានរកឃើញជាបន្តបន្ទាប់ រួមទាំងទារិកាទើបកើតម្នាក់ត្រូវបានយកចេញពីគំនរថ្ម ទាំងនៅមានជីវិតនៅក្នុងប្រទេសស៊ីរី ចំណែកឯម្ដាយ និងក្រុមគ្រួសារទាំងអស់របស់គេបានស្លាប់ក្នុងការរញ្ជួយដីក្នុងទីក្រុង Jindayris ដែលគ្រប់គ្រងដោយក្រុមឧទ្ទាមកាលពីថ្ងៃចន្ទ។
ការរញ្ជួយដីកម្រិត ៧.៨រ៉ិចទ័រដែលបានវាយប្រហារកាលពីថ្ងៃចន្ទ ស្របពេលមនុស្សកំពុងលង់លក់ក្នុងដំណេក បានផ្ដួលរំលំសំណង់អគាររាប់ពាន់បាក់រាបដល់ដី និងមនុស្សជាច្រើនដែលគេពុំបានដឹងច្បាស់កំពុងជាប់ក្នុងគំនរកម្ទេចថ្ម និងប៉ះពាល់យ៉ាងខ្លាំងដល់មនុស្សរាប់លាននាក់។ ការបំផ្លិចបំផ្លាញដ៏មហាសាលនេះកាលពីថ្ងៃអង្គារ បានជំរុញឲ្យលោកប្រធានាធិបតីទួរគី Recep Tayyip Erdogan ប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្នរយៈពេល ៣ខែនៅក្នុងខេត្តចំនួន១០ នៅភាគអាគ្នេយ៍។ ទិន្នន័យចុងក្រោយបង្ហាញថា អ្នកស្លាប់សរុបនៅទួរគីឡើងដល់ ៥.៨៩៤នាក់ និងនៅស៊ីរីមានចំនួន ១.៩៣២នាក់ ដែលធ្វើឲ្យចំនួនអ្នកស្លាប់សរុបក្នុងប្រទេសទាំង២ ឡើងដល់ ៧.៨២៦នាក់៕ អត្ថបទ៖ សុខមាន

