ជូជិតស៊ូ៖ កីឡាការិនីកូនកាត់កម្ពុជា-អាមេរិក-ម៉ិចស៊ិក ខាន់ ចេសា បានសម្រេចចិត្តដកខ្លួនចេញពីការប្រកួតកម្មវិធីកីឡាជូជិតស៊ូ “នរណាលេខមួយ-Who’s Number One” ដោយសាររបួស។ យោងតាមសារព័ត៌មានបរទេសបានបញ្ជាក់ថា តាមការគ្រោងទុកម្ចាស់មេដាយមាសកម្ពុជារូបនេះ ត្រូវប្រកួតជាមួយកីឡាការិនី Grace Gundrum ថ្ងៃទី៣០ ខែមេសាខាងមុខនេះ។
អ្នករៀបចំកម្មវិធីប្រកួត Flo Grappling បានប្រកាសថា កីឡាការិនីអាមេរិក Gundrum នឹងប្រកួតជាមួយកីឡាការិនី Alex Nguyen ជំនួសចេសាដែលមានរបួស។ កីឡាការិនី ខាន់ ចេសា ក្នុងកម្មវីធីដូចគ្នានេះកាលពីខែកុម្ភៈកន្លង ទៅបានយកឈ្នះកីឡាការិនីប្រេស៊ីល Danielle Kelly ជាឯកច្ឆ័ន។ ដោយមានឪពុកជាកូនកាត់កម្ពុជា-អាមេរិក និងម្តាយកូនកាត់ម៉ិស៊ិក-អាមេរិក ខាន់ ចេសា ត្រូវបានគេចាត់ទុកជាកីឡាការិនីជូជិតស៊ូល្អបំផុតក្នុងពិភពលោក ដោយឈ្នះជើងឯកពិភពលោក ៣ដង, ជើងឯកទ្វីបអាមេរិក ៤ដង, ជើងឯកពិភពលោក NoGi ៣ដង និងជើងឯកអឺរ៉ុប ២ដង។ នៅឆ្នាំ២០១៨ និង២០១៩ កីឡាការិនីរូបនេះប្រកួតតំណាងកម្ពុជា ហើយដណ្តើមបានមេដាយមាសកីឡាអាស៊ីនៅឥណ្ឌូនេស៊ី និងកីឡាអាស៊ីអាគ្នេយ៍នៅហ្វីលីពីន៕
អត្ថបទ៖ គង់ ហួន