ភ្នំពេញ៖ លោកជំទាវបណ្ឌិត ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់ចក្រភពអង់គ្លេសមកលើការអភិវឌ្ឍកម្ពុជា ដោយនៅក្នុងវិស័យធនាគារអង់គ្លេសបានជួយបណ្តុះបណ្តាលធនធានមនុស្ស តាមរយៈការផ្តល់អាហារូបករណ៍ ការផ្តល់ជំនួយបច្ចេកទេស និងការពង្រឹងសមត្ថភាពលើផ្នែកហិរញ្ញប្បទានបៃតង ការអភិវឌ្ឍដោយគិតគូរពីបរិស្ថាន សង្គម និងអភិបាលកិច្ច ដែលស្របនឹងគោលដៅរបស់កម្ពុជា និងក្នុងក្របខណ្ឌជាពិសេសអាស៊ាន។
លោកជំទាវ ជា សិរី បានថ្លែងបែបនេះក្នុងឱកាស ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា បានជួបសម្តែងការគួរសម និងពិភាក្សាការងារ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។
លោកជំទាវ ជា សិរី បានថ្លែងស្វាគមន៍ ឯកឧត្តម Dominic Williams ដែលមកបំពេញបេសកកម្មជាឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជាចាប់ពីខែសីហា ឆ្នាំ២០២២ មក។
ឯកឧត្តម Dominic Williams ក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការគាំទ្រទាំងរបស់ចក្រភពអង់គ្លេសគដល់កម្ពុជា ហើយបានបញ្ជាក់ថា ស្ថានទូតអង់គ្លេសនឹងបន្តសហការគាំទ្រ នៅលើផ្នែកទាំងនេះទៀត និងត្រៀមខ្លួនផ្តល់ការគាំទ្រដល់កិច្ចសហប្រតិបត្តិការលើផ្នែកពាក់ព័ន្ធនានា។
លោកជំទាវ ជា សិរី ក៏បានជម្រាបជូនពីស្ថានភាពសេដ្ឋកិច្ចកម្ពុជាថា សេដ្ឋកិច្ចកម្ពុជាបានទទួលផលប៉ះពាល់ពីវិបត្តិកូវីដ-១៩ ជាពិសេស នៅឆ្នាំ២០២០ ហើយបានងើបឡើងវិញជាបន្តបន្ទាប់ដែលគាំទ្រដោយប្រសិទ្ធភាពនៃការគ្រប់គ្រងការរាលដាលជំងឺកូវីដ-១៩ និងការចាក់វ៉ាក់សាំងការពារបានគ្រប់គ្រាន់យ៉ាងឆាប់រហ័សហើយបានបើកប្រទេសឡើងវិញនៅឆ្នាំ២០២១ ដែលធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកត្រឡប់មកប្រក្រតីភាពវិញ។
លោកជំទាវ ជា សិរី ថ្លែងថា នៅឆ្នាំ២០២២កន្លងមកកម្ពុជាបានទទួលរងផលប៉ះពាល់ពីការកើនឡើងនៃអតិផរណា ដែលបណ្តាលមកពីការកើនឡើងថ្លៃប្រេង និងម្ហូបអាហារ ក្រោមឥទ្ធិពលនៃសង្គ្រាមរុស្សី អ៊ុយក្រែន ប៉ុន្តែកម្រិតអតិផរណាបានធ្លាក់ចុះមកវិញជាបន្តបន្ទាប់រហូតដល់កម្រិតប្រមាណ ៣% នៅចុងឆ្នាំ២០២២។ ខណៈនៅឆ្នាំ២០២៣នេះ សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថាបន្តងើបឡើងថែមទៀត ក៏ប៉ុន្តែក៏ប្រឈមនឹងភាពមិនច្បាស់លាស់ច្រើនដែរ ដោយសារភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក ជាពិសេសការថយចុះកំណើននៅក្នុងប្រទេសអភិវឌ្ឍន៍ដែលកម្ពុជានាំទំនិញចេញ។ ចំណែកឯក្នុងវិស័យទេសចរណ៍ ភ្ញៀវទេសចរក្នុងស្រុកបានវិលរកភាពប្រក្រតីវិញនៅឆ្នាំ២០២២ ហើយភ្ញៀវទេសចរអន្តរជាតិបានកើនឡើងខ្ពស់ជាងការរំពឹងទុក ថ្វីបើនៅមានកម្រិតទាបជាងគ្រាមុនវិបត្តិក៏ដោយ។
លោកជំទាវបញ្ជាក់ថានៅឆ្នាំ២០២៣នេះ សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថាបន្តងើបឡើងថែមទៀត ក៏ប៉ុន្តែក៏ប្រឈមនឹងភាពមិនច្បាស់លាស់ច្រើនដែរ ដោយសារភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក ជាពិសេសការថយចុះកំណើននៅក្នុងប្រទេសអភិវឌ្ឍន៍ដែលកម្ពុជានាំទំនិញចេញ។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវបានស្នើសុំឱ្យស្ថានទូតអង់គ្លេស បង្ហាញពីឱកាសល្អនៃការវិនិយោគនៅកម្ពុជា និងបង្កើនតម្រូវការនាំទំនិញចូលពីកម្ពុជា ដោយសារសក្តានុពលនៃសេដ្ឋកិច្ចកម្ពុជា ជាពិសេសស្ថិតក្នុងតំបន់ប្រកបដោយថាមភាព។
ពាក់ព័ន្ធបញ្ហាដុល្លារូបនីយកម្មនៅកម្ពុជា លោកជំទាវ បានសង្កត់ធ្ងន់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាលនិងធនាគារជាតិនៃកម្ពុជា មិនមែនធ្វើបដិដុល្លារូបនីយកម្មដោយបង្ខំនោះទេ តែលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលជាលំដាប់ស្របតាមស្ថានភាពទីផ្សារ និងការពង្រឹងភាពធន់នៃសេដ្ឋកិច្ច។
ឯកឧត្តម Dominic Williams បានអបអរសាទរការគ្រប់គ្រងសេដ្ឋកិច្ចរបស់កម្ពុជា ដែលក្នុងនោះកំណើនបន្តងើបឡើងជាលំដាប់ អតិផរណាកើនឡើងក្នុងកម្រិតមធ្យមហើយថយចុះយ៉ាងឆាប់រហ័ស រក្សាបានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់ ហើយប្រព័ន្ធធនាគារមានភាពធន់ និងរួមចំណែកក្នុងការគាំទ្រកំណើន និងកាត់បន្ថយផលប៉ះពាល់នៃវិបត្តិទាំងកូវីដ-១៩ និងរលកអតិផរណា។
ឯកឧត្តម Dominic Williams បានជម្រាបសួរពីវឌ្ឍភាពនិងបញ្ហាប្រឈមក្នុងវិស័យមីក្រូហិរញ្ញវត្ថុ។ លោកជំទាវ ជា សិរី ថ្លែងថា វិស័យមីក្រូហិរញ្ញវត្ថុបានរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា និងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ចំពោះប្រជាជនក្រីក្រ។ លើសពីនេះវិស័យមីក្រូហិរញ្ញវត្ថុបានកាត់បន្ថយភាពងាយរងគ្រោះពីការប្រើប្រាស់កម្ចីក្រៅផ្លូវការ ដែលភាគច្រើនមានអត្រាការប្រាក់ខ្ពស់ហួសហេតុ និងអាចឱ្យប្រជាជនប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការសម្រាប់អភិវឌ្ឍន៍អាជីវកម្ម ជាពិសេសសហគ្រាសធុនតូចនិងមធ្យម៕



