ម៉ារ៉ាតុង៖ ព្រឹត្តិការណ៍ម៉ារ៉ាតុងពិភពលោក World Marathon Challenge បានបិទបញ្ចប់ហើយនៅទីក្រុង Miami រដ្ឋ Florida សហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទ។ ព្រឹត្តិការណ៍នេះមានការចូលរួមពីអត្តពលិកជុំវិញពិភពលោក ក្នុងការប៉ុនប៉ងរត់ម៉ារ៉ាតុង ៧កម្មវិធីឆ្លងកាត់ ៧ប្រទេសរយៈពេលត្រឹម ៧ថ្ងៃ។
ឆ្នាំនេះការប្រកួតបានចេញដំណើរពី Novo តំបន់ទឹកកកអង់តាកទិកកាលពីថ្ងៃទី៣១ ខែមករា បន្តទៅទីក្រុង Cape Town ប្រទេសអាហ្វ្រិកខាងត្បូង Perth ប្រទេសអូស្ត្រាលី Dubai អារ៉ាប់រួម Madrid អេស្ប៉ាញ Fortaleza ប្រទេសប្រេស៊ីល និងចុងក្រោយ Miami សហរដ្ឋអាមេរិក។ ការកំណត់ជើងឯក World Marathon Challenge នេះគឺសម្រេចទៅលើកីឡាករដែលមានថេរវេលាជាមធ្យមល្អបំផុត បូកបញ្ចូលគ្នាពីម៉ារ៉ាតុងទាំង ៧ប្រទេសនេះ។
អ្នកឈ្នះបានទៅអត្តពលិកអាមេរិក David Kilgore ប្រើពេលថេរវេលាមធ្យម ២ម៉ោង ៥៦នាទី ទោះបីជាម៉ារ៉ាតុងដំបូងនៅអង់តាកទិកដែលមានសីតុណ្ហភាពត្រជាក់ខ្លាំងនោះប្រើពេលជាង ៣ម៉ោងក៏ដោយ។ ចំណែកជើងឯកផ្នែកនារីបានទៅកីឡាការិនីអាមេរិកដូចគ្នា Deidre Keane ខណៈក៏មានវត្តមានអ្នករត់ម៉ារ៉ារុងជើងចាស់វ័យដល់ទៅ ៨០ឆ្នាំ Dan Little ក៏បានវិលមកចូលរួមវិញដែរក្រោយអវត្តមាន ៤ឆ្នាំ៕
អត្ថបទ៖នាង សុភាវុធ