ភ្នំពេញ៖ ផ្លូវចំនួន ៤ខ្សែ មានមហាវិថីឈ្ន ឈ្នះ ផ្លូវជាតិលេខ៦ ផ្លូវស្របមាត់ទន្លេសាប និងផ្លូវតភ្ជាប់ ពីផ្លូវជាតិលេខ ៦ត្រង់ចំណុច ក្បែរបុរី អ័រគីដេ ឆ្ពោះទៅកាន់ពហុកីឡដ្ឋានជាតិមរតកតេជោ កំពុងត្រូវបានរដ្ឋបាលរាជធានីភ្នំពេញធ្វើការជួសជុល កែលម្អ និងស្ថាបនាថ្មី ដេីម្បីសម្រួលដល់ការធ្វើចរាចរាចរណបស់ប្រជាពលរដ្ឋ និងឆ្ពោះទៅព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ នាខែឧសភា។
មន្ត្រីមន្ទីរសាធារការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងថា ការដ្ឋានផ្លូវទាំង៤ខ្សែ ដែលស្ថាបនាឆ្ពោះទៅពហុកីឡាដ្ឋានជាតិមរតកតេជោ សម្រេចការងារបានប្រមាណជាជិត៩០ភាគរយហើយ។ ចំពោះមុខកំពុងធ្វើការជួសជុលគ្រឹះ អ៊ុតកៅស៊ូ ដាក់លូ រៀបការឺឡា គូសគំនូសចរាចរណ៍ ជាមួយនិងការដាំដើមឈើ តាមបណ្តោយផ្លូវជាតិលេខ៦ឲ្យបានរួចរាល់នៅមុនខែមីនា ឆ្នាំ២០២៣។
មន្ត្រីបន្ថែមថា កំណាត់ផ្លូវជាតិលេខ៦នេះ ជាផ្លូវមេធំមួយក្នុងចំណោមផ្លូវទាំង៤ខ្សែ ដែល រដ្ឋបាលរាជធានីភ្នំពេញបាននឹងកំពុងជួសជុស និងស្ថាបនា ឆ្ពោះទៅកាន់ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ ដោយចាប់ផ្តើមស្ថាបនាពីខែកញ្ញា ឆ្នាំ២០២២ និងគ្រោងបញ្ចប់នៅខែមីនា ឆ្នាំ២០២៣ ដែលមានប្រវែង១៧គីឡូម៉ែត្រកន្លះ ជាមួយនឹងការដាក់លូសងខាងផ្លូវទំហំមុខកាត់១ម៉ែត្រប្រវែង៣៥គីឡូម៉ែត្រ រៀបការឺឡា គូសគំនូសចរាចរណ៍ និងដាំដើមឈើ រហូតដល់ព្រំប្រទល់ខេត្តកណ្តាល ។ ការងារមួយទៀត គឺកែលម្អរមហាវិថី ឈ្នះ ឈ្នះ ចាប់ពីចំណុចប្រសព្វផ្លូវជាតិលេខ៦ រហូតដល់ស្ពានព្រែកព្នៅ ដែលមានការកែលម្អរទ្រង់ទ្រាយធំ ដូចជាជួសជុលផ្លូវដែលមានការខូចខាត ដោយចាក់បេតុងឡើងវិញ រៀបចំចិញ្ចើមផ្លូវ ផ្លូវថ្មើរជើង និងផ្លូវជិះកង់ រីឯនៅសងខាងផ្លូវធំមានដាក់ប្រព័ន្ធលូធំៗឡើងវិញ មានការរៀបចំសួនច្បារ និងដាំដើមឈើធំៗជាច្រើន រួមទាំងដាំដើមផ្កា។ បន្ទាប់ពីចាក់បេតុងរួចរាល់មហាវិថី ឈ្នះ ឈ្នះ ត្រូវបានអ៊ុតកៅស៊ូបន្ថែម ដើម្បីឲ្យផ្លូវមានភាពងាយស្រួលដល់ការធ្វើដំណើរ និងមានតុបតែងភ្លើងពណ៌បន្ថែមទៀត ដើម្បីឲ្យមានសោភ័ណភាពសាកសមជាទីតាំងដែលប្រារព្ធព្រឹត្តិការណ៍កីឡាដ៏ធំនាពេលខាងមុខ ហើយការដ្ឋានពេលនេះសម្រេចបានប្រមាណជិត៩០ភាគរយហើយ។
មន្ត្រីបានបន្ថែមថា ជាមួយគ្នានេះផងដែរ រដ្ឋបាលរាជធានីភ្នំពេញក៏បានស្ថាបនាផ្លូវថ្មីទាំងស្រុងចំនួន ២ខ្សែទៀត ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ទូទៅផង និងការធ្វើដំណើរក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមផងដែរ។ ផ្លូវថ្មីទាំង២ខ្សែនេះ គឺស្ថាបនាស្របតាមទន្លេសាបផ្នែកខាងកើត បែកខ្នែងជា២ផ្នែកឆ្ពោះឡើងមហាវិថី ឈ្នះ ឈ្នះ គឺខ្សែទី១ផ្លូវស្របមាត់ទន្លេ ចាប់ពីផ្លូវជាតិលេខ៦ ដល់មហាវិថី ឈ្នះ ឈ្នះ មានទទឹងផ្លូវ២០ម៉ែត្រ ប្រវែងជាង៨គីឡូម៉ែត្រ ដែលសម្រេចការសាងសង់បាន១០០ភាគរយទាំងការងារធ្វើផ្លូវបេតុង ដាក់លូ របាពុះចែកទ្រូងផ្លូវ និងបំពាក់ភ្លើងបំភ្លឺសាធារណៈ។ ខ្សែផ្លូវទី២ គឺចាប់ពីផ្លូវសម្តេច ជា ស៊ីម ជ្រោយចង្វារ ដល់មហាវិថី ឈ្នះ ឈ្នះ មានទទឹងផ្លូវ២០ម៉ែត្រ ប្រវែងជាង៥គីឡូម៉ែត្រ ដោយសម្រេចការសាងសង់បានជិត៩០ភាគរយហើយ ។
បន្ទាប់ពីស្ថាបនាកែលម្អផ្លូវទាំង៤ខ្សែនេះរួច មន្ត្រីជំនាញបានអំពាវនាវឲ្យប្រជាពលរដ្ឋជួយថែរក្សាការ៉ឺឡាថ្មើរជើង ដោយកុំដាក់តាំងលក់ឥវ៉ាន់ ការចតយានយន្តជាដើមលើការឺឡា ដែលធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរថ្មើជើង និងសោភណ្ឌភាព៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា





