ភ្នំពេញ៖ ពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវក្នុងមូលដ្ឋានខណ្ឌ ៧មករា ជាពិសេសចំណុចផ្លូវលេខ ១២៤ជាប់របងវត្តមង្គលវ័ន ឃើញថា មានការចតរថយន្តអមសងខាងផ្លូវតែម្ដងបង្កឲ្យលំបាកក្នុងការធ្វើដំណើរ និងសម្រាប់អ្នកថ្មើជើងដើរលើផ្លូវអាទិភាពសម្រាប់យានយន្ត ដែលអាចបង្កគ្រោះថ្នាក់បានជាយថាហេតុ។
សូមជម្រាបជូនថា ទីតាំងដែលមានការចតរថយន្តអមសងខាងផ្លូវនេះស្ថិតនៅតាមបណ្ដោយផ្លូវលេខ១២៤ កែងនឹងផ្លូវសុកហុក(១០៧) ជាប់របងវត្តបង្គោលវ័នផ្នែកខាងត្បូងវត្ត មូលដ្ឋានសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋ បានសំណូមពរដល់អាជ្ញាធរសង្កាត់ និងអាជ្ញាធរផ្នែកសណ្ដាប់ធ្នាប់ខណ្ឌ៧មករា ជួយចុះធ្វើការអប់រំណែនាំដើម្បីរំដោះចិញ្ចើមផ្លូវរក្សាទុកសម្រាប់អ្នកថ្មើជើងធ្វើដំណើរផង និងដើម្បីរក្សារបរិស្ថាន អនាម័យ សណ្ដាប់ធ្នាប់សាធារណៈ តាមដងផ្លូវផងដែរ។
គួរបញ្ជាក់ផងដែរ បញ្ហាបរិស្ថាន អនាម័យ សណ្ដាប់ធ្នាប់ នេះអាជ្ញាធរខណ្ឌ៧ មករា ក៏បានចុះធ្វើការងារនេះជាប្រចាំផងដែរ ជាក់ស្ដែងកាលពីរសៀលថ្ងៃអង្គារទី០៧ ខែ កុម្ភៈ ឆ្នាំ២០២៣ ម្សិលមិញ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ៧មករា បានដឹកនាំកម្លាំងចុះរៀបចំសណ្ដាប់ធ្នាប់តាមបណ្ដោយផ្លូវមួយចំនួន ក្នុងមូលដ្ឋានផងដែរ រួមមានផ្លូវលេខ១១៨. ផ្លូវលេខ១០៧ ផ្លូវលេខ ១០៥ ផ្លូវលេខ១៨២ និងផ្លូវលេខ៩៣៕ អត្ថបទ៖ កុម្ភៈ




