ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានចំណារឯកភាព ទៅនឹងសំណើររបស់អង្គការសហប្រជាជាតិ (UN) ដែលបានស្នើសុំបញ្ជូនមន្រ្តីជំនាញពន្ធនាគារកម្ពុជា ៤០ រូប ទៅបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ។
បើយោងតាមប្រសាសន៍សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបានថ្លែងក្នុងពេលអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការបញ្ជូនមន្រ្តីពន្ធនាគារ ចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។
សម្ដេចក្រឡាហោម បានមានប្រសាសន៍ថា៖«សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានចំណារឯកភាព ទៅនឹងសំណើររបស់អង្គការសហប្រជាជាតិ ដែលបានស្នើសុំបញ្ជូនមន្រ្តីជំនាញពន្ធនាគារកម្ពុជា ៤០ រូប ទៅបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ»។
ឯកឧត្តមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម និងសហការីបានធ្វើបទឧទ្ទេសនាមអំពីប្រវត្តិបេសកកម្ម UN ការចូលរួមបេសកកម្មរបស់នគរបាល UN ដំណើរការនៃការចូលរួម តម្រូវការហ្វឹកហ្វឺន និងមុខតំណែងសម្រាប់មន្រ្តីនគរបាលជំនាញ៤០រូប។
សម្ដេច ស ខេង បានសម្ដែងការកោតសរសើរ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ដែលបានដឹកនាំការងារបញ្ជូនកងកម្លាំងរក្សាសន្តិភាពទៅបំពេញបេសកម្មក្រោមឆ័ត្រអង្គការសហប្រជាជាតិ ទទួលបានលទ្ធផលជាបន្តបន្ទាប់ និងនាំមកនូវកិត្តិយសជូនជាតិលើឆាកអន្តរជាតិ។
សម្ដេចក្រឡាហោមបានណែនាំ ឯកឧត្តម រដ្ឋលេខាធិការ ទទួលបន្ទុកពន្ធនាគារ និងអគ្គនាយកពន្ធនាគារ បង្កើតយន្តការមួយ ផ្ទៃក្នុងក្រសួងមហាផ្ទៃមួយ ដើម្បីធ្វើការងារនេះ និងត្រូវមានយន្តការសហប្រតិបត្តិការជាមួយមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម៕អត្ថបទ វ៉ន ដារ៉ា