ភ្នំពេញ៖ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតថ្មីរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា បានបានអះអាងថា នឹងបន្តគាំទ្រជួយដល់កម្ពុជា ក្នុងការជំរុញវិនិយោគទេសចរណ៍ ជាពិសេសនៅក្នុងព្រឹត្តិការណ៍ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃការប្រកួតស៊ីហ្គេមលើកទី៣២និងប៉ារ៉ាហ្គេមលើកទី១២ តាមរយៈការជួយឱ្យមានអ្នកទេសចរណ៍ជប៉ុនមកទស្សនានៅកម្ពុជា និងកិច្ចការចំពោះមុខមួយចំនួនទៀត។
នៅក្នុងជំនួបសំដែងការគួរសម រវាងទូតថ្មីជប៉ុនប្រចាំកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៨កុម្ភៈនេះ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានបញ្ជាក់ឱ្យដឹងថា ជាមួយនឹងការចូលរួមសំដែងនូវការគោរពរំលែកមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ចំពោះការបាត់បង់ប្អូនស្រីរបស់សម្ដេច និងសូមឱ្យវិញ្ញាណក្ខន្ធរបស់គាត់បានទៅកាន់សុគតិភព។
ឯកឧត្តម អាត់ ស៊ូស៊ី បានគោរពជម្រាបជូនសម្ដេចតេជោថា ឯកឧត្តមបានមកកាន់កម្ពុជាកាលពីឆ្នាំ១៩៩២ហើយនៅពេលនេះកម្ពុជាមានការអភិវឌ្ឍយ៉ាងខ្លាំងមានស្ថិរភាព និងមានសន្តិភាព។ក្នុងន័យនេះ ឯកឧត្តមសូមសំដែងនូវការគោរពជូនចំពោះសម្ដេចតេជោចំពោះភាពដឹកនាំជាទីគោរព ហើយក៏បានសាទរចំពោះសម្ដេចដែលបានដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានាក្នុងភាពជាប្រធានអាស៊ានទទួលបានជោគជ័យ។
ជាការឆ្លើយតបសម្ដេចតេជោបានសំដែងនូវការស្វាគមន៍ និងអបអរសាទរជូនចំពោះឯកឧត្តមដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ជប៉ុនមកកាន់កម្ពុជា និងបានថ្លែងអំណរគុណជូនចំពោះឯកឧត្តម អាត់ស៊ូស៊ី ចំពោះការចូលរួមរំលែកមរណទុក្ខហើយសម្ដេចក៏បានថ្លែងអំណរគុណ និងយល់ស្របជាមួយការលើកឡើងរបស់ឯកឧត្តម អាត់ស៊ូស៊ីអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាមួយនឹងការប្ដេជ្ញាចិត្តរបស់ឯកឧត្តមក្នុងការអំអាងជួយដល់កម្ពុជា។
សម្ដេចតេជោបានមានប្រសាសន៍ថា ជប៉ុនអាចជួយគាំទ្រដំណើរការ sea games របស់កម្ពុជាតាមរយៈឲ្យមានអ្នកមកទស្សនានិងរៀបចំឲ្យមានការហោះហើរត្រង់មកកាន់កម្ពុជា ។ដោយឡែកលើវិស័យសេដ្ឋកិច្ចនិងវិនិយោគសម្ដេចបានសុំឲ្យឯកអគ្គរាជទូតជប៉ុនជួយជំរុញកំណើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងជួយជំរុញឲ្យអ្នកវិនិយោគមកកាន់កម្ពុជាកាន់តែច្រើនឡើងថែមទៀត៕(ដោយ៖ មុត សុទ្ធ)


