បាត់ដំបង៖ ក្រុមហ៊ុន Top Planning Japan Co.,LTD នៃប្រទេសជប៉ុន គ្រោងនឹងពង្រីការវិនិយោគលើដំណាំស្វាយចន្ទី នៅតំបន់អតីតដីចម្ការមីន ក្នុងខេត្តបាត់ដំបង និងនាំយកទៅលក់នៅទីផ្សារក្រៅប្រទេស និងចម្រាញ់ធ្វើជាប្រេងឥន្ធនៈ ។
ក្នុងជំនួបជាមួយឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ លោក Tetsuo MURAYAMA អគ្គនាយកក្រុមហ៊ុន Top Planning Japan Co.,LTD លើកឡើងថា បច្ចុប្បន្ននៅកម្ពុជា ដំណាំស្វាយចន្ទីនៅកម្ពុជា ក្នុងមួយឆ្នាំអាចទទួលផលបានជាង ១លានតោន ដែលចាត់ថាជាប្រទេសដាំបានច្រើនមួយផងដែរក្នុងពិភពលោក ដោយលក់ក្នុងតម្លៃស្រស់បានប្រមាណ ១ពាន់លានដុល្លារ ហើយក្រុមហ៊ុនរបស់លោក គ្រោងនឹងកែច្នៃអាចលក់បានរហូតដល់ ៣ពាន់លានដុល្លារ ។
លោកបានបន្តថា Top Planning Japan Co.,LTD ក៏ចង់ពង្រីកការវិនិយោគបន្ថែមផងដែរ នៅក្នុងខេត្តបាត់ដំបង ដែលជាទីតាំងត្រូវបានបោសសំអាតមីនរួចរាល់ ដោយមានទាំងការកែច្នៃផ្លែស្វាយចន្ទីនាំចេញ និងចម្រាញ់ធ្វើជាប្រេងឥន្ធនៈ សម្រាប់ប្រើប្រាស់ផងដែរ ដោយការវិយោគនេះ នឹងជួយធ្វើឲ្យស្វាយចន្ទីរនៅកម្ពុជា កាន់តែមានតម្លៃ ជួយធ្វើឲ្យសេដ្ឋកិច្ចរបស់កសិករ កាន់តែល្អប្រសើរឡើង ។
ក្នុងជំនួបនេះ លោក MURAYAMA បានស្នើដល់ស៊ីម៉ាក់ជួយគាំទ្រ និងសហការលើការងារបោសសំអាតមីន ដើម្បីឲ្យគម្រោងនេះ អាចអនុវត្តទៅបាន ខណៈភាគីក្រុមហ៊ុន ក៏មានដៃគូក្រុមហ៊ុន ដែលមានឧបករណ៍បោសសំអាតមីនទំនើបៗ សម្រាប់បោសសំអាតមីនចូលរួមលើការអនុវត្តនូវគម្រោងនេះផងដែរ ។
ជាការឆ្លើយតប ឯកឧត្តម ហេង រតនា បានសម្ដែងនូវការគាំទ្រពេញទំហឹង នូវគម្រោងនេះ ព្រោះវានឹងផ្ដល់ផលប្រយោជន៍ជាច្រើន ដល់កសិករកម្ពុជា ហើយរំពឹងថា ពលរដ្ឋកម្ពុជា នឹងអាចទទួលបានចំណេះដឹងបន្ថែមទៀត ពាក់ព័ន្ធនឹងការកែច្នៃផលិតផលកសិកម្ម ពីប្រទេសជប៉ុន ដែលជាអ្នកជំនាញ ។
ជាមួយនេះ ឯកឧត្តម បានថ្លែងអំណរគុណ ដល់ក្រុមហ៊ុនជប៉ុន ដែលបានធ្វើការវិនិយោគជាបន្តបន្ទាប់ នូវគម្រោងនានា ក្នុងប្រទេសកម្ពុជា ដោយរដ្ឋាភិបាល និងពលរដ្ឋជប៉ុន តែងផ្ដល់នូវជំនួយជាច្រើនដល់កម្ពុជា ដែលក្នុងនោះមានគាំទ្រលើវិស័យមីនផងដែរ ។
គួរបញ្ជាក់ថា ក្រុមហ៊ុន Top Planning Japan (TPJ) នេះ មានមានកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ជាមួយសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសំបូរ ដែលត្រូវបានធ្វើឡើង ដើម្បីសាងសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីខ្នាតតូច ជាការសាកល្បង មានទីតាំងស្ថិតនៅភូមិត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ គ្រាប់ស្វាយចន្ទីកែច្នៃ ជាកសិផលនាំចេញ ដែលមានសក្តានុពលនៅលើទីផ្សារប្រទេសជប៉ុន ហើយគិតពីឆ្នាំ២០១៩ ដល់២០២២ គ្រាប់ស្វាយចន្ទីកែច្នៃបាននាំចេញទៅប្រទេសជប៉ុនប្រមាណជាង ១៨៤តោន ក្នុងនោះឆ្នាំ២០២២ មានជាង ១២៦តោន ៕ អត្ថបទ បាន សុខរិទ្ធិ





