បាល់ទាត់៖ ក្រុមបាល់ទាត់អារ៉ាប៊ីសាអ៊ូឌីត Al Hilal បានធ្វើឱ្យមានការភ្ញាក់ផ្អើល ក្រោយទំលាក់ក្រុមជើងឯកអាមេរិកខាងត្បូង Flamengo ដើម្បីឡើងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FIFA Club World Cup នៅប្រទេសម៉ារ៉ុក។

ក្រុមជើងឯកទ្វីបអាស៊ី ៤សម័យ Al Hilal បានបើកការនាំមុខមុនតាំងពីនាទីទី៤ ដោយបាល់ពិន័យ ១១ម៉ែត្ររបស់ Salem Al Dawsari មុនពេលដែល Flamengo តាមស្មើវិញនៅនាទីទី២០ ដោយ Pedro។ ហៀបនឹងចប់វគ្គទី១ ទៅហើយ Flamengo ក៏បាត់បង់កីឡាករម្នាក់គឺកីឡាករប្រេស៊ីល Gerson ទទួលបានកាតក្រហមក្រោយកំហុសនៅក្នុងតំបន់គ្រោះ ដែលធ្វើឱ្យ Al Hilal រកបានគ្រាប់នាំមុខសាជាថ្មីដោយបាល់ពិន័យ ១១ម៉ែត្រមួយគ្រាប់ទៀតរបស់ Al Dawsari។

គ្នាតែដប់នាក់នៅវគ្គទី២ Falmengo ក៏ត្រូវបាន Al Hilal បន្ថែមការនាំមុខមួយគ្រាប់ទៀតនៅនាទីទី៧០ ដោយកីឡាករអាហ្សង់ទីន Luciano Vietto មុនពេលដែល Pedro ដដែលតាមបានមួយគ្រាប់វិញដែរឱ្យ Flamengo នាទីទី៩០+១ ទៅហើយធ្វើឱ្យ Flamengo ក្លាយជាក្រុមជើងឯកអាមេរិកខាងត្បូងទី៦ ប៉ុណ្ណោះក្នុងប្រវត្តិសាស្ត្រ ២៣ឆ្នាំ FIFA Club World Cup ដែលខកខានឡើងវគ្គផ្តាច់ព្រ័ត្រ។ ចំណែក Al Hilal ក៏បានក្លាយជាក្លិបអារ៉ាប៊ីសាអ៊ូឌីតដំបូងគេបង្អស់ដែលឡើងវគ្គផ្តាច់ព្រ័ត្រ ដោយនឹងត្រូវជួបជាមួយអ្នកឈ្នះរវាង Real Madrid រឺ Al Ahly ដែលនឹងជួបគ្នាយប់នេះ៕
អត្ថបទ៖នាង សុភាវុធ