ភ្នំពេញ៖ កម្ពុជា នឹងចុះហត្ថលេខាជាមួយមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) លើកិច្ចព្រមព្រៀងហិរញ្ញប្បទាន ១៩៤ លានដុល្លារ ដើម្បីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម ជាពិសេសការជំរុញកំណើនលូតលាស់នៃវិស័យកសិកម្ម ប្រកបដោយបរិយាប័ន្ននិងចីរភាពបរិស្ថាន លើខ្សែច្រវាក់ផលិតកម្ម និងការនាំចេញ។
ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី, រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាទេសាភិបាល បម្រុងរបស់កម្ពុជា ប្រចាំមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម ហៅកាត់ថា IFAD នៅថ្ងៃទី ៧ ខែ កុម្ភៈ ឆ្នាំ ២០២៣ នេះ បានដឹកនាំគណៈប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទៅចូលរួមកិច្ចប្រជុំក្រុមប្រឹក្សា ទេសាភិបាលលើកទី ៤៦ របស់ IFAD ប្រចាំឆ្នាំ ២០២៣ នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី និងគ្រោងចុះហត្ថលេខា ជាមួយឯកឧត្តម Alvaro Lario ប្រធាន IFAD លើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការ សម្រាប់កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្ម ផលិតផលកសិកម្ម ដែលមានទឹកប្រាក់សរុបចំនួន ១៩៤ លានដុល្លារអាមេរិក ក្នុងនោះឥណទានសម្បទានពី IFAD មានចំនួន ៤៧,៩ លានដុល្លារអាមេរិក។
នៅក្រោមកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម កម្ពុជាមានគោលបំណងចូលរួមកាត់បន្ថយភាពក្រីក្រ និងភាពងាយរងគ្រោះនៅជនបទ តាមរយៈការលើកកម្ពស់ភាពធន់ទៅនឹងអាកាសធាតុ និងការជំរុញកំណើនលូតលាស់នៃវិស័យកសិកម្ម ប្រកបដោយបរិយាប័ន្ននិងចីរភាពបរិស្ថាន លើខ្សែច្រវាក់ផលិតកម្ម និងការនាំចេញ ដោយកម្មវិធីនេះ មានវិសាលភាពគ្របដណ្ដប់ទូទាំងប្រទេស ហើយនឹងអនុវត្តលើការអភិវឌ្ឍខ្សែច្រវាក់តម្លៃគោលដៅចំនួន ៦រួមមាន៖ បន្លែ, មាន់, ដំឡូងមី, គ្រាប់ស្វាយចន្ទី, ផ្លែឈើស្រស់ និងផ្លែឈើដែលបានកែច្នៃរួច៕ អត្ថបទ៖ សុន រ៉ាឌី