ភ្នំពេញ៖ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា សម្រាប់អាណត្តិទី៤នេះ បានកំណត់យកគោលដៅនាំចេញអង្ករចំនួន ៧៥ម៉ឺនតោន ក្នុងឆ្នាំ២០២៣ និងឈានដល់ ១លានតោនក្នុងឆ្នាំ២០២៥ ខណៈសហព័ន្ធមានផែនការបន្តពង្រឹងអភិបាលកិច្ច និងបន្តសហការជាមួយក្រសួងពាណិជ្ជកម្ម ក្នុងការបើកច្រកទីផ្សារថ្មីៗដើម្បីជំរុញដល់ការនាំចេញ។
ក្នុងជំនួបសម្តែងការគួរសម និងរាយការណ៍ពីវឌ្ឍនភាពការងារសម្រាប់អាណិត្តថ្មី ជូនឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម កាលពីព្រឹកថ្ងៃទី៧ កុម្ភៈ ឆ្នាំ២០២៣នេះ នៅទីស្តីការក្រសួង ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា សហព័ន្ធមានផែនការបន្តសហការជាមួយក្រសួងពាណិជ្ជកម្ម ក្នុងការពង្រីកទីផ្សារទៅកាន់ប្រទេសចិនឱ្យបានច្រើនជាង ៤០ម៉ឺនតោន នៅក្នុងឆ្នាំ២០២៣នេះតទៅ ពិសេសបន្តធ្វើពិពិធកម្មទៅកាន់ទីផ្សារឱ្យបានកាន់តែទូលំទូលាយ ទៅកាន់ទីផ្សារថ្មីៗបន្ថែមទៀត រួមមាន៖ សហរដ្ឋអាមេរិក កាណាដា មជ្ឈឹមបូព៌ា សិង្ហបុរី ហុងកុង ប្រទេសឥណ្ឌូនេស៊ី ។ល។ ព្រមទាំងផ្សព្វផ្សាយម៉ាកអង្ករ ដែលមានចុះបញ្ជីរួច ដូចជា ម៉ាកវិញ្ញាតកម្ម “ម្លិះអង្ករ” និងម៉ាកសមូហភាព “SKO” និងអង្ករដំណើបស្បៃមង្គល “DSMK”។
ជាមួយការលើកឡើងខាងលើនេះឯកឧត្តមរដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ មានប្រសាសន៍ថា វិស័យស្រូវអង្ករនៅកម្ពុជា ជាវិស័យមួយដែលរាជរដ្ឋាភិបាល ជាពិសេសសម្តេចតេជោ នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ជាអាទិភាពបំផុត ហើយសម្តេចតែងតែយកវិស័យនេះ ជាប្រធានបទ និងជាមូលវិចារសំខាន់សម្រាប់ជជែកពិភាក្សាក្នុងកិច្ចសន្ទនាជាមួយប្រមុខថ្នាក់ដឹកនាំនានា ទាំងទ្វេភាគី និងពហុភាគី។
ឯកឧត្តម បន្តទៀតថា ដើម្បីលើកកម្ពស់ដល់វិស័យនាំចេញអង្ករ ក្រសួងបាននិងកំពុងខិតខំបើកច្រកទីផ្សារស្រូវអង្ករ និងផលិតផលកែច្នៃ ដែលមានប្រភពវត្ថុធាតុដើមពីអង្ករបានប្រព្រឹត្តិទៅយ៉ាងសកម្ម តាមរយៈការបញ្ចូលទំនិញទាំងនេះ ទៅក្នុងបញ្ជីទំនិញរបស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ព្រមទាំងកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ និងនៅក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយប្រទេសនានា ដូចជាការចុះអនុស្សរណៈយោគយល់ ដើម្បីនាំអង្ករចេញកាន់ទីផ្សារប្រទេសចិន ទីម័រខាងកើត ហ្វីលីពីន បង់ក្លាដេស ។ល។
កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ បានចំនួន ៦៣ម៉ឺន តោន និងនាំចេញស្រូវបានចំនួន ៣,៤ លានតោនក្នុងឆ្នាំ២០២២កន្លងទៅ ដែលគិតជាទឹកប្រាក់ប៉ាន់ស្មានបានចំនួនជាង១ ២៥៥ លានដុល្លារសហរដ្ឋអាម៉េរិក៕ អត្ថបទ៖ ឈិត បូរ៉ាវី