ហែលទឹក៖ ស្ត្រីសញ្ជាតិស៊ីលី Barbara Hernandez បានបង្កើតកំណត់ត្រាហែលទឹកឆ្ងាយបំផុតនៅសមុទ្រទឹកកកនៃទ្វីបអង់តាកទិក។ Hernandez បានហែលចម្ងាយជាង ២.៥គីឡូម៉ែត្រជាមួយនឹងឯកសណ្ឋានហែលទឹកធម្មតា នៅក្នុងទឹកសមុទ្រដែលមានសីតុណ្ហភាពត្រជាក់ស្ទើរកកត្រឹម ២.២អង្សារ និងប្រើពេលដល់ទៅជាង ៤៥នាទីក្នុងទឹកទម្រាំដល់គោលដៅ។

ជាមួយនឹងនោះដែរការបង្កើតកំណត់ត្រាថ្មីនេះ នៅកំពុងស្ថិតក្រោមការវាយតម្លៃនៅឡើយ។ Barbara Hernandez ដែលមានអាជីពជាគ្រូចិត្តសាស្ត្រ និងជាអ្នកហែលទឹកមួយរូបមានវ័យ ៣៧ឆ្នាំបាននិយាយថា មូលហេតុនៃការបង្កើតកំណត់ត្រាបែបនេះគឺដើម្បីចូលរួមការពារបរិស្ថាន និងអភិរក្សតំបន់សមុទ្រនៃទ្វីបទឹកកកអង់តាកទិក ក៏ដូចជាសមុទ្រខាងត្បូងទាំងមូល។
កាលពីឆ្នាំ២០២២ Barbara Hernandez ក៏ធ្លាប់បានបំបែកកំណត់ត្រា Guinness World Record ម្តងដែរដោយហែលឆ្លងចម្ងាយ ១គីឡូម៉ែត្រប្រើពេល ១៥នាទី ៣វិនាទី។ ជាមួយគ្នានោះដែរសមាគមកីឡាហែលទឹកពិភពលោក ក៏ធ្លាប់ផ្តល់កំណត់ត្រាមួយដែរទៅកាន់ Hernandez ដែលមនុស្សដំបូងដែលឆ្លងកាត់ទឹកត្រជាក់បែបនេះចម្ងាយ ៣គីឡូម៉ែត្រនៅតំបន់ចន្លោះមហាសមុទ្រប៉ាស៊ីហ្វិក និងមហាសមុទ្រអាត្លង់ទិកភាគខាងត្បូងប្រទេសស៊ីលីផងដែរ៕
អត្ថបទ៖នាង សុភាវុធ