ភ្នំពេញ ៖តាមរយៈគណៈប្រតិភូជួរមុខក្រសួងទេសចរណ៍កម្ពុជា ដឹកនាំដោយឯកឧត្តម ហង្ស សណ្តាប់ អនុរដ្ឋលេខាធិការ នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានចូលជួបពិភាក្សាការងារជាមួយលោក ស្ស៉ឺ ចឺអ៊ី (Shi Zeyi) អនុប្រធានការិយាល័យផ្លាស់ប្តូរទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងវប្បធម៌ និងទេសចរណ៍ចិនលើប្រធានបទសំខាន់ៗ ក្នុងវិស័យទេសចរណ៍ វប្បធម៌ កីឡា សិល្បៈ វិនិយោគ និងពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ។
បើយោងតាមរបាយការណ៍កិច្ចប្រជុំចំណុចសំខាន់ៗទាំងនោះរួមមាន អបអរសាទរខួប ៦៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ចិនក្នុងក្របខ័ណ្ឌសហគមន៍ជោគវាសនារួមគ្នាតែមួយ។ ការបណ្តុះបណ្តាលពង្រឹងសមត្ថភាពធនធានមនុស្សជូនមន្រ្តីរាជការ និងភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ មានដូចជាមគ្គុទេសក៍ទេសចរណ៍ និងបុគ្គលិកជួរមុខ ដែលនិយាយភាសាចិន ជាពិសេសស្នើសុំភាគីចិនចូលរួមការផ្តល់យោបល់ធាតុចូលថ្មីៗ ដើម្បីធ្វើបច្ចុប្បន្នភាពទៅលើសៀវភៅស (China Ready) ស្របតាម និន្នាការទេសចរណ៍ក្រោយវិបត្តិកូវីដ-១៩។
ភាគីទាំងពីរបានពិភាក្សាជំរុញឱ្យមានការហោះហើរត្រង់ពីគោលដៅសំខាន់ៗនៃប្រទេសចិនមកកាន់កម្ពុជា ក្រោយពីកែសម្រួលវិធានការណ៍ និងលើកទឹកចិត្តការរៀបចំខ្សែទស្សនកិច្ចរបស់ផ្នែកឯកជនក្នុងវិស័យទេសចរណ៍របស់ប្រទេសទាំងពីរ។ ភាគីទាំងពីរក៏បានជំរុញឱ្យមានខ្សែទស្សនកិច្ចទេសចរណ៍ ពិសេសរវាងរដ្ឋ និងឯកជនផងដែរ។ ភាគីទាំងពីក៏បានពិភាក្សាអំពីការសហការរៀបចំពិព័ណ៌ម្ហូបអាហារ តន្រ្តី វប្បធម៌ កីឡា ដែលមានការចុះបញ្ជីទទួលស្គាល់ពីអង្គការបេតិកភ័ណ្ឌពិភពលោក UNESCO និងការរួមគ្នាសម្តែងសិល្បក្បាច់ប្រដាល់បុរាណខ្មែរ (ល្បុកតោ) និងការសម្តែងក្បាច់គុណចិនសៅលីង (Shaolin) ដែលមានបញ្ជីទទួលស្គាល់ពីអង្គការបេតិកភ័ណ្ឌពិភពលោក UNESCO ថ្មីៗ ដើម្បីអបអរសាទរខួបលើកទី៦៥ ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន និងឆ្នាំទស្សនាកម្ពុជា២០២៣។
បើតាមក្រសួងទេសចរណ៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដឹកនាំគណប្រតិភូជាន់ខ្ពស់កម្ពុជាធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសចិនចាប់ពីថ្ងៃទី ៩-១១ ខែកុម្ភៈខាងមុខ គឺជាទស្សនកិច្ចជាប្រវត្តិសាស្រ្តមួយរបស់ឥស្សរជនកំពូលបរទេសទី១មកប្រទេសចិន ក្រោយពីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចិន។ ក្រសួងទេសចរណ៍បញ្ជាក់ថា តាមរយៈទស្សនកិច្ចផ្លូវការរបស់សម្ដេចតេជោនឹងរឹតបន្តឹងចំណងមិត្តភាពដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងជំរុញការកសាងសហគមន៍ជោគវាសនារួមក្នុងយុគសម័យថ្មីឱ្យបានកម្រិតថ្មីមួយទៀត ហើយក៏បានបង្កើតឱកាសមាសដល់ប្រតិភូក្រសួងទេសចរណ៍កម្ពុជាបានចូលជួបពិភាក្សាការងារផ្ទាល់ជាមួយក្រសួងក្រោយវិបត្តិកូវីដ-១៩៕ អត្ថបទ៖ វ៉ន ដារ៉ា





