
ឧត្តរមានជ័យ ៖ នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម គន់ គីម សមាជិកគណៈអចិន្ដ្រៃយ៍ គណៈកម្មាធិការកណ្ដាល នៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ ចុះជួយខេត្តឧត្ដរមានជ័យ នាព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណៈបក្សប្រចាំឆ្នាំ២០២២ និងលើកទិដៅអនុវត្តបន្តឆ្នាំ២០២៣ របស់ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តឧត្ដរមានជ័យ និង ផ្សព្វផ្សាយ សេចក្តីសម្រេចចិត្តនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា។
នាឱកាសនោះ ឯកឧត្តម គន់ គីម បានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានសម្រេចសមិទ្ធផលធំៗជាច្រើន មានជាអាទិ៍ ខឿនឯករាជ្យជាតិ អធិបតេយ្យ បូរណភាពទឹកដី សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងអំណាចរដ្ឋ ត្រូវបានថែរក្សាការពារយ៉ាងរឹងមាំ និងដំណើរការកែទម្រង់ស៊ីជម្រៅ និងទូលំទូលាយត្រូវបានជំរុញអនុវត្តដោយ ឆន្ទៈមុតស្រួច និងមានប្រសិទ្ធភាព ហើយកំណើនសេដ្ឋកិច្ចជាតិនៅតែមានសន្ទុះទៅមុខ ទោះបីជាពិភពលោកត្រូវប្រឈមមុខនឹងជំងឺរាតត្បាតកូវីដ១៩ ក៏ដោយ។
ឯកឧត្តម បានគូសបញ្ជាក់ថា ដោយឡែកគណបក្សប្រជាជនកម្ពុជាខេត្តឧត្ដរមានជ័យគ្រប់លំដាប់ថ្នាក់បានប្រមូលផ្តុំអស់ស្មារតី កម្លាំងកាយចិត្ត រួមសាមគ្គីគ្នា ប្រយុទ្ធនឹងការរីករាលដាលជំងឺកូវីដ១៩ ទទួលបានលទ្ធផលគួរជាទីមោទនៈជាមួយគ្នានោះ ក្រុមការងារគណបក្សគ្រប់ថ្នាក់ បានប្រមូលផ្តុំកម្លាំងអនុវត្តនូវបណ្តាភារកិច្ចសំខាន់ជាច្រើនតាមសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខ។
ឯកឧត្តម គន់ គីម សង្កត់ធ្ងន់ថា ដើម្បីបន្តពង្រឹងការជឿជាក់ និងការគាំទ្ររបស់ប្រជាពលរដ្ឋមកលើគណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ខាងមុខ ក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្តកិច្ចការសំខាន់ៗមួយចំនួនដូចជា៖ ១.ការពង្រឹងអង្គការចាត់តាំងបក្ស ក្រុមការងារគណបក្ស និងការពង្រឹងពង្រីកសមាជិកបក្ស, ២-ជំរុញអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលស្តីពី ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព, ៣- បន្តពង្រឹងអភិបាលកិច្ចល្អនៅតាមស្ថាប័នសាធារណៈគ្រប់ថ្នាក់ ដើម្បីលើកកម្ពស់ការបម្រើប្រជាពលរដ្ឋ, និង៤. ការពង្រឹងរដ្ឋបាលឃុំ សង្កាត់ និង ភូមិ ជាពិសេសបន្តជំរុញការងារចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញដល់ប្រជាពលរដ្ឋឱ្យបានគ្រប់ៗគ្នាផងដែរ ៕ អត្ថបទ ៖ ឧត្ដម







