ភ្នំពេញ៖ លោក វឿន វុទ្ធី ប្រធាននាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្តិវិទ្យា តាមរយៈBTV ព័ត៌មាន នាថ្ងៃនេះថា ក្នុងរយៈពេល៥ឆ្នាំ ចុងក្រោយនេះ ពីឆ្នាំ២០១៧-២០២២ ក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ បានធ្វើបច្ចុប្បន្នភាព បុរាណដ្ឋាននៅទូទាំងប្រទេស បានចំនួន៩៣១៧។
លោក វឿន វុទ្ធី បានបន្តថា ការគ្រប់គ្រង និងធ្វើបច្ចុប្បន្នភាពបុរាណនៅទូទាំង២៥រាជធានី-ខេត្ត រួមមាន: ប្រាសាទ, គ្រឹះប្រាសាទ, ទួលមនុស្សរស់នៅ, ទួលកប់សព និងប្រព័ន្ធធារាសាស្ត្រ។ ក្នុងនោះប្រាសាទ និងគ្រឹះប្រាសាទ មានចំនួន២៨៧៧ ស្ថានីយ, ទួលមនុស្សរស់នៅ មានចំនួន៥០៥៨ ស្ថានីយ, ទួលកប់សព មានចំនួន៦០៥ ស្ថានីយ, ប្រព័ន្ធធារាសាស្ត្រ មានចំនួន១៩៨២ ទីតាំង។ ចំណែកការគ្រប់គ្រងទួល ស្ថានីយទទួលស្គាល់ មានចំនួន៤៦០៧ស្ថានីយ, មិនទាន់ទទួលស្គាល់ មានចំនួន៥២៨៧ស្ថានីយ, ស្ថានីយបោះបង្គោលរួច មានចំនួន២៨៨ស្ថានីយ,មិនទាន់បោះបង្គោល មានចំនួន៩៥៩៥ស្ថានីយ, ស្ថានីយរកឃើញថ្មី មានចំនួន១០៧៣ស្ថានីយ, ស្ថានីយបាត់ពីបញ្ជីចាស់ មានចំនួន៦៣ ស្ថានីយ។
សូមបញ្ជាក់ផងដែរថា គម្រោងសកម្មភាពបោះបង្គោលការពារបុរាណដ្ឋានដែលប្រឈម នៅតាមបណ្តារាជធានី-ខេត្ត ដែលប្រឈម ខ្លាំងនៅតាមបណ្តារាជធានី-ខេត្ត គឺមានសារៈសំខាន់ខ្លាំងណាស់៖
លុបបំបាត់នៅការទន្ទ្រាន ឬបំផ្លាញកាន់កាប់ដីបុរាណដ្ឋាន (ធ្វើជាកម្មសិទ្ធ ធ្វើកសិកម្ម-ចម្ការ និងសាងសង់សំណង់ផ្សេងៗ) នៅពេលដែលបោះបង្គោលកំណត់ដែនរក្សាការពាររួចហើយ។ ជាការបង្ហាញទីតាំងការពារ ដើម្បីផ្ដល់ឱកាសដល់ប្រជាជន សម្រាប់ធ្វើស្រែចម្ការ និងការសាងសង់សំណង់ ផ្សេងៗនៅក្បែរបុរាណដ្ឋាន ព្រោះគាត់បានស្គាល់ពីដែនរក្សាការពារ នៃទំហំស្ថានីយនីមួយៗ។ ក្រោយពេលបោះបង្គោលសំគាល់ទំហំបុរាណដ្ឋាន វាអាចប្រាប់ដល់មហាជន ឲ្យស្គាល់បុរាណដ្ឋានដែលជាតឹកតាង នៃការវិវត្តន៍នៃសង្គមខ្មែរ និងសង្គមមនុស្សពីអតីតកាល។
អាជ្ញាធរដែនដី ងាយស្រួលក្នុងការគ្រប់គ្រងថែរក្សាបុរាណដ្ឋានទាំងនោះ ព្រោះពួកគាត់មិនដឹងទំហំដែន រក្សាការពារ ពុំយល់ទំហំនិយាមការដែល ពួកយើងបានផ្តល់ឲ្យពួកគាត់ជួយការពារ៕អត្ថបទ រដ្ឋា




