ទួរគី៖ ពហុកីឡដ្ឋានបាល់ទាត់របស់ទួរគីត្រូវបានប្រមូលផ្ដុំ ដោយកៅស៊ូតង់ស្នាក់នៅបណ្ដោះអាសន្នរបស់គ្រួសារជាច្រើន ដែលផ្ទះសម្បែងរបស់ពួកគេត្រូវបានបំផ្លាញនៅក្នុងការរញ្ជួយដីនៅសប្ដាហ៍នេះ។ ចំណែកនៅខាងក្រៅវិញ មនុស្សបានសំងំនៅក្នុងរថយន្ត ឬអង្គុយនៅជុំវិញភ្នក់ភ្លើងដើម្បីកំដៅខ្លួនពីអាកាសធាតុត្រជាក់ខ្លាំង។
ក្រុមអ្នកសង្គ្រោះបានព្យាយាមទាញមនុស្សដែលនៅមានជីវិត និងសាកសពពីអគារអឹផាតមិនដែលរងការបំផ្លិចបំផ្លាញបាក់រាបដល់ដី។ សាកសពជាច្រើនត្រូវបានរុំ និងបញ្ជូនទៅកាន់មជ្ឈមណ្ឌលហាត់កីឡា និងតម្រៀបគ្នានៅលើដី។ ក្រុមគ្រួសារជាច្រើនកំពុងស្វែងរកមនុស្សជាទីស្រឡាញ់របស់ខ្លួនដែលកំពុងបាត់ខ្លួន ដោយបើកមុខពីសាកសពមួយទៅសាកសពមួយ។ សាកសពខ្លះមិនអាចចំណាំមុខបាន ហើយសមាជិកគ្រួសារខ្លះទៀតបានស្រែទ្រហោយំពេលរកឃើញសាកសព។
ទីភ្នាក់ងារគ្រាអាសន្នជាតិរបស់ទួរគីបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍ថា ខ្លួនបានដំឡើងជំរំតង់ជាង ៩២.០០០កន្លែង បញ្ជូនបុគ្គលិកសង្គ្រោះទួរគី និងបរទេសជាង ៩៨.០០០នាក់ និងរថយន្តជាង ៥.០០០គ្រឿងទៅកាន់តំបន់រងគ្រោះ រួមទាំងគ្រឿងចក្រអេស្កាវ៉ាទ័រ ម៉ាស៊ីនស្ទូច និងរថយន្តធុនធ្ងន់ ២គ្រឿង។ ខណៈដែលអ្នកស្លាប់ និងរបួសបន្តកើនឡើងក្នុងការរញ្ជួយដីនៅទួរគី និងស៊ីរី អ្នករួចជីវិតរាប់លាននាក់កំពុងស្រែកដង្ហោយរកជំនួយបន្ថែមទៀត ស្របពេលបណ្ដាប្រទេសជាច្រើនកំពុងពន្លឿនការដឹកជញ្ជូនជំនួយ ក្រោយការរញ្ជួយដីកាលពីថ្ងៃចន្ទសប្ដាហ៍នេះ៕ អត្ថបទ៖ សុខមាន

