ភ្នំពេញ៖ ៖ឯកឧត្តម ហ៊ុន ម៉ានី បង្ហាញការហួសចិត្ត និងសោកស្ដាយ ចំពោះក្រុមជនអាក្រក់នៅក្រៅប្រទេស ដែលគ្មានសីលធម៌ វប្បធម៌ និងសាសនា នៅក្នុងខ្លួន ឆ្លៀតឱកាសដែលគ្រួសារឯកឧត្ដមកំពុងមានទុក្ខធ្វើពិធីបុណ្យសព មកធ្វើការប្រមាថ និងកេងចំណេញនយោបាយទៅវិញ។
ឯកឧត្ដម ហ៊ុន ម៉ានី បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការនាថ្ងៃទី៩ ខែកុម្ភៈនេះថា កាលដែលគ្រួសាររបស់ជនអាក្រក់នៅក្រៅប្រទេសមានទុក្ខ ឯកឧត្ដម បានតំណងឱ្យក្រុមគ្រួសារ ទៅចូលរួមគោរពវិញ្ញាណខន្ធ និងរំលែកទុក្ខ។ ប៉ុន្ដែក្នុងអំឡុពេលគ្រួសារឯកឧត្ដមមានទុក្ខ បែរជាក្រុមជនអាក្រក់នៅក្រៅប្រទេសបានយកឱកាសនេះប្រមាថដើម្បីតែកេញចំណេញនយោបាយទៅវិញ។
ឯកឧត្ដមបានសរសេរថា៖«ពេលគ្រួសារគេមានទុក្ខ ខ្ញុំតំណាងអោយក្រុមគ្រួសារខ្ញុំ ចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខ។ តែពេលក្រុមគ្រួសារខ្ញុំមានទុក្ខ គេប្រមាថ និងយកចំណេញនយោបាយ។ វប្បធម៌ សីលធម៌ សាសនា និងទំនៀមទម្លាប់ប្រពៃណី ជាអ្វីដែលក្រុមគ្រួសារខ្ញុំប្រកាន់ខ្ជាប់ មិនមែនអ្វីៗសុទ្ធតែនយោបាយនោះទេ»។
ទាក់ទងនឹងការប្រមាថ និងការឆ្លៀតឱកាសដោយគ្មានសីលធម៌របស់ជនអាក្រក់ នៅក្រៅប្រទេសនេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា ក៏បានសរសេរលើហ្វេសប៊ុក ប្រាប់ទៅក្រុមជនអាក្រក់ទាំងនោះឱ្យរក្សាខ្លួនជាមនុស្ស និងខិតខំរក្សាសុខភាពជាជាងមករករឿងគ្រួសាររបស់សម្ដេច។
សម្ដេចតេជោបានសរសេរថា៖ខ្ញុំចង់ប្រាប់ទៅជនអាក្រក់ថា បើមេរបស់អ្នកអាក្រក់សូមអ្នករក្សាខ្លួនជាមនុស្សនិង ខិតខំរក្សាសុខភាពរបស់អ្នកជាជាងមករករឿងគ្រួសារខ្ញុំ»។ សម្ដេចតេជោ ចាត់ទុកការប្រមាថ និងឆ្លៀតឱកាសរបស់ក្រុមជនអាក្រក់ក្រៅប្រទេសនេះ ពិតជាអាក្រក់កែមិនបានទាំងមេទាំងកូនដែលគ្មានសារជាតិជាមនុស្សសោះឡើយ៕



