ស៊ីហ្គេម៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣(CAMSOC) បានកោះប្រជុំជាមួយថ្នាក់ដឹកនាំ និងនាយបច្ចេកទេសសហព័ន្ធកីឡាជាតិទាំងអស់ ដើម្បីកំណត់តួនាទីភារកិច្ចត្រៀមការប្រកួតកីឡាស៊ីហ្គេម ដែលគិតត្រឹមថ្ងៃនេះគឺនៅសល់ ៨៥ថ្ងៃទៀតប៉ុណ្ណោះ។
កិច្ចប្រជុំនេះដឹកនាំដោយឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍នៃគណៈកម្មាធិការជាតិ CAMSOC នៅវិមានកីឡដ្ឋាននៃពហុកីឡដ្ឋានជាតិមរកតេជោកាលពីថ្ងៃទី០៨ ខែកុម្ភៈម្សិលមិញ ។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC បានគូសបញ្ជាក់ថា កិច្ចប្រជុំនេះបានផ្ដោតសំខាន់លើការបញ្ជាក់ពីតួនាទីភារកិច្ច ការត្រៀមខ្លួន និងដោះស្រាយបញ្ហាសេសសល់ ដ្បិតពេលវេលាកាន់តែខើច ដែលតម្រូវឲ្យសហព័ន្ធត្រូវដឹងថា ខ្លួនឯងត្រូវធ្វើអ្វីខ្លះ? ដឹកនាំអ្វីខ្លះ? ក្រោមកិច្ចសហការជាមួយគណៈកម្មការជំនាញរបស់គណៈកម្មាធិការជាតិ CAMSOC និងសហព័ន្ធអន្ដរជាតិតាមប្រភេទកីឡានីមួយៗ ដើម្បីជំរុញឲ្យការរៀបចំព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជានេះ ប្រព្រឹត្តទៅដោយរលូន និងស្ដង់ដារ។
ឯកឧត្តមសង្កត់ធ្ងន់ថា សហព័ន្ធកីឡាជាតិទាំងអស់ត្រូវយល់ច្បាស់ពីលក្ខន្តិកៈ តម្រូវការច្បាស់លាស់តាមផ្នែកនីមួយៗ និងយល់ច្បាស់ពីយន្តការរបស់ហ្គេម ខុសពីយន្តការប្រកួតជើងឯកតាមប្រភេទកីឡាមួយៗ ដែលមានលក្ខណៈបុព្វសិទ្ធិ និងឯករាជ្យរបស់សហព័ន្ធកីឡាជាតិ ប៉ុន្តែហ្គេមត្រូវមានការទទួលខុសត្រូវលើបទបញ្ញត្តិហ្គេម ក្នុងការប្រកួតជាពហុកីឡាដើម្បីយកទៅអនុវត្តប្រកបដោយប្រសិទ្ធភាព ពិសេសការរៀបចំកម្លាំងគាំទ្រដល់ដំណើរការប្រកួត ដូចជាអ្នកស្ម័គ្រចិត្ត និងការរៀបចំពិធីការជាដើម ត្រូវបែងចែកភារកិច្ចគ្នារវាង CAMSOC និងសហព័ន្ធកីឡាជាតិ។ ម្យ៉ាងវិញទៀត ឯកឧត្តមបណ្ឌិត ថោង ខុន បានណែនាំឲ្យនាយកបច្ចេកទេសដែលបញ្ជូនមកពីសហព័ន្ធ និងត្រូវបានថ្នាក់ដឹកនាំ CAMSOC បញ្ចូលឈ្មោះជាមន្ត្រីរបស់គណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ត្រូវធ្វើការលើផ្នែកបច្ចេកទេស ដឹកនាំលើការប្រកួតតាមប្រភេទកីឡានីមួយៗ ជាមួយសហព័ន្ធអន្តរជាតិដែលមានបច្ចេកទេសស្ដង់ដារ និងធ្វើឲ្យបន្ស៊ីគ្នាដើម្បីធានាបាននូវការរៀបចំ និងការប្រកួតប្រកបដោយតម្លាភាពក្នុងនាមម្ចាស់ផ្ទះ និងសម្រាប់បណ្ដាប្រទេសជាភ្ញៀវ ដែលមកចូលរួមការប្រកួតកីឡាថ្នាក់តំបន់លើកដំបូងនៅកម្ពុជានេះ។
លើសពីនេះ កិច្ចប្រជុំក៏បានជំរុញឲ្យសហព័ន្ធកីឡាជាតិត្រូវរៀបចំ និងអភិវឌ្ឍអត្តពលិក ក៏ដូចជាស្វះស្វែងរកកីឡាករ-កីឡាការិនីនៅក្រៅប្រទេសដែលមានឈាមជ័រជាខ្មែរទាំងអស់ ត្រៀមចូលជំរំហ្វឹកហាត់យ៉ាងយូរនៅចុងខែមេសា នៅភូមិកីឡាក្នុងពហុកីឡដ្ឋានជាតិមរកតេជោ ដើម្បីត្រៀមការប្រកួត ដ្បិតកីឡាមួយចំនូននឹងត្រូវចាប់ផ្ដើមការប្រកួតពីថ្ងៃទី២៩ ខែមេសា មុនពិធីបើកការប្រកួតផ្លូវការនាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងអគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC៕
អត្ថបទ៖ លី ឈុនឡា