អាស៊ានប៉ារ៉ាហ្គេម៖ គ្រប់អត្តពលិកដែលនឹងចូលរួមប្រកួតទាំងក្នុងស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមគឺទាមទារជាចាំបាច់ក្នុងការហ្វឹកហាត់ពង្រឹងសមត្ថភាព។ ជាក់ស្ដែងសម្រាប់ក្រុមអត្តពលិកមានពិការភាពក៏ត្រូវហ្វឹកហាត់យ៉ាងតិច ៥ម៉ោងក្នុងមួយថ្ងៃដែរ។
បច្ចុប្បន្នក្រុមអត្តពលិកមានពិការភាពប្រមាណ ២៥០រូបកំពុងបន្តសកម្មភាពហ្វឹកហាត់យ៉ាងសកម្មនៅតាមទីតាំងផ្សេងគ្នាដែលបានរៀបចំ។ អត្តពលិកទាំង ២៥០រូបនេះជាអត្តពលលិកដែលត្រូវបានជ្រើសរើសដោយហ្មត់ចត់ សម្រាប់ការចូលរួមប្រកួតអាស៊ានប៉ារ៉ាហ្គេមក្នុងរយៈពេលជាង ១០០ថ្ងៃខាងមុខនេះ។ នេះជាការលើកឡើងរបស់ឯកឧត្តម យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា។ ឯកឧត្តមបន្តថា ក្រោយការចម្រាញ់ជ្រើសរើសបេក្ខភាពទាំងនេះគឺជាការតម្រូវឱ្យហ្វឹកហាត់យ៉ាងតិច ៥ម៉ោងក្នុងមួយថ្ងៃ។ ក្នុងនាមឯកឧត្តមជាថ្នាក់ដឹកនាំមួយរូប ឯកឧត្តមពិតជាសប្បាយចិត្តដែលឃើញថា អត្តពលិកទាំងអស់ពិតជាមានការប្ដេជ្ញា គោរពពេលវេលាហ្វឹកហាត់ត្រឹមត្រូវ រឺពេលខ្លះហ្វឹកហាត់លលើសម៉ោងកំណត់ទៀតផង។ លោកសង្ឃឹមជឿជាក់ថា ការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡានេះ កម្ពុជានឹងទទួលបានមេដាយកាន់តែច្រើនជាងការចូលរួមប្រកួតកន្លង ដែលកម្ពុជាធ្លាប់ចូលរួមប្រកួតនៅប្រទេសដទៃ។
ចំពោះការហ្វឹកហាត់ បច្ចុប្បន្នគឺមានក្រុមអត្តពលិកមានពិការភាពចំនួន ៦ប្រភេទកីឡាកំពុងហ្វឹកហាត់នៅមជ្ឈមណ្ឌលជាតិនៃជនពិការ។ រីឯក្រុមអត្តពលិកចំនួន ៧ប្រភេទកីឡាផ្សេងទៀតកំពុងហ្វឹកហាត់នៅទីតាំងផ្សេងគ្នា។ អត្តពលិកកំពុងហ្វឹកហាត់នៅមជ្ឈមណ្ឌលជាតិនៃជនពិការ បង្ហាញការប្ដេជ្ញាចិត្តខ្ពស់ក្នុងការនាំយកកិត្តិយសជូនជាតិ សម្រាប់ការធ្វើជាម្ចាស់ផ្ទះការប្រកួត។ ពួកគេមិនខ្លាចនឿយហត់ចំពោះការហ្វឹកហាត់នោះទេ។ ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមនឹងរៀបចំឡើង ក្រោយព្រឹត្តិការណ៍ស៊ីហ្គេមបានបិទបញ្ចប់។ ចំពោះប្រភេទកីឡាគឺមានចំនួន ១៣ប្រភេទក្នុងនោះរួមមាន៖ បាល់បោះជនពិការភ្នែក អត្តពលកម្មជនពិការ វាយសីជនពិការ បាល់ទាត់ចលករខួរក្បាល ប៊ូស្យា កីឡាអុកជនពិការ យូដូជនពិការ លើកទម្ងន់ជនពិការ បាល់ទះអង្គុយ ហែលទឹកជនពិការ វាយកូនឃ្លីលើតុជនពិការ បាល់ទះរទេះ និងបាល់ទាត់ជនពិការភ្នែក៕ អត្ថបទ៖ គឹមហុក