ភ្នំពេញ៖ នៅថ្ងៃព្រហស្សតិ៍ ៤រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវជាបងបង្កើត និងឯកឧត្តម តាន់ បញ្ញាវុធ ព្រមទាំងក្រុមគ្រួសារ បានរៀបចំពិធីបង្សុកូល ដារឆ្លង និងគោចរបិណ្ឌបាត្រព្រះសង្ឃ ៦៧អង្គ ដើម្បីឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខន្ធលោកជំទាវមហាសទ្ធាភិរ័ក្ខធម្មសិរីរតន៍អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ប៊ុន សុថា នៅគេហដ្ឋាន ក្នុងខណ្ឌទួលគោក រាជធានភ្នំពេញ។
គួរបញ្ជាក់ថា សពលោកជំទាវមហាសទ្ធាភិរ័ក្ខធម្មសិរីរតន៍អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ប៊ុន សុថា ត្រូវបានដង្ហែពីគេហដ្ឋានក្នុងខណ្ឌទួលគោក យកទៅកាន់ទីបញ្ចុះនៅវត្តបទុមវតី កាលពីព្រឹកថ្ងៃទី០៧ ខែកុម្ភៈ នេះ បន្ទាប់បានតម្កល់ធ្វើបុណ្យតាម ប្រពៃណីព្រះពុទ្ធសាសនា។
លោកជំទាវ មហាសទ្ធាភិរ័ក្ខធម្មសិរីរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ប៊ុន សុថា បាន ទទួលមរណភាព កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១៨ និង១៣នាទី ក្នុងជន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ ។
សពលោកជំទាវ ត្រូវបានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានដារបង្សុកូលតាម ប្រពៃណី ព្រះពុទ្ធសាសនា អស់រយៈពេល៤យប់៥ថ្ងៃ នៅភូមិគ្រឹៈលេខ៦៦ ផ្លូវលេខ៥២៨ កែងផ្លូវលេខ២៨៥ សង្កាត់បឹងកក់ ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។អំឡុងនៃការតំកល់ធ្វើបុណ្យនៅគេហដ្ឋាននៃសពរយៈពេល៤យប់៥ថ្ងៃ ក្រុមគ្រួសារនៃសព បាន និមន្ត សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះរាជា គណៈ និងព្រះសង្ឃ ធ្វើបទនមសិកាព្រះរតនត្រ័យសមាទានសិល៍ ជូនកុសល ដល់វិញ្ញាណក្ខន្ធសព លោកជំទាវ មហាសទ្ធាភិរ័ក្ខធម្មសិរីរតន៍ អគ្គមហា ឧបាសិកាពុទ្ធសាស នូបត្ថម្ភក៍ ប៊ុន សុថា ដែលបានលាចាកលោកយើងនេះ ទៅកាន់លោកខាងមុខ។
មរណភាពរបស់លោកជំទាវ មហាសទ្ធាភិរ័ក្ខធម្មសិរីរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ប៊ុន សុថា ក៏មានការចូលរួមសោកស្តាយរំលែកមរណទុក្ខជាមួយគ្រួសារនៃសព ពីសំណាក់សម្តេច ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់តំណាងនៅតាមក្រសួង ស្ថាប័ននានា តំណាង គណបក្ស នយោបាយ មន្ត្រីការទូត អ្នកមុខអ្នកការ សាច់ញាតិ បងប្អូនជាច្រើន បានអញ្ជើញនាំយក គោរោនផ្កា គោរពវិញ្ញាណក្ខន្ធសព លោកជំទាវ មហាសទ្ធាភិរ័ក្ខធម្មសិរីរតន៍ អគ្គមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ ប៊ុន សុថា ដោយក្តីស្រណោះអាឡោះអាល័យ។ការទទួលមរណភាពរបស់លោកជំទាវ មហាសទ្ធាភិរ័ក្ខធម្មសិរីរតន៍ អគ្គមហាឧបាសិកាពុទ្ធសាស នូបត្ថម្ភក៍ ប៊ុន សុថា មិនគ្រាន់តែជាការបាត់បង់មាតា ជីដូន
ទីគោរពស្រលាញ់ប្រកបដោយ ព្រហ្មវិហារធម៌ គុណធម៌ និងកិត្តិគុណរបស់គ្រួសារប៉ុណ្ណោះទេ ប៉ុន្តែជាការបាត់បង់នូវពុទ្ធបរិស័ទ ដែល មានសទ្ធាជ្រះថ្លាក៏មោះមុតឧត្តុង្គឧត្តមជាទីគោរពស្រលាញ់នៃញាតិមិត្តឆ្ងាយ និងជា ការ បាត់បង់ នូវខេមរនារីខ្មែរមួយរូបដែលមានសេចក្តីអង់អាចក្លាហាន ក្នុងការតស៊ូពុះពារ គ្រប់ឧបសគ្គ ដើម្បី បុព្វហេតុ នៃសេចក្តីថ្លៃថ្នូររបស់សង្គមជាតិខ្មែរទាំងមូល។
កាលពីរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្តេច ព្រះបាទ បរមនាថ នរោត្តម សីហមុនី បានប្រោសព្រះរាជទាននូវគ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍ ជាកិច្ចបច្ឆាមរណៈ ចំពោះលោកជំទាវ មហាសទ្ធាភិរ័ក្ខធម្មសិរីរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ប៊ុន សុថា ដោយមាន សម្តេចជហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីព្រះបរមរាជវាំង តំណាងដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះមហាក្សត្រ នាំយកផ្តល់ជូនដល់ក្រុមគ្រួសារនៃសពផងដែរ។
តាមជីវប្រវត្តិសង្ខេប លោកជំទាវ ប៊ុន សុថា កើតនៅថ្ងៃសុក្រ ៨កើត ខែផល្គុន ឆ្នាំរកា អដ្ឋស័ក ពុទ្ធសករាជ២៥០០ ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ១៩៥៧ ក្នុងគ្រួសារកសិករ នៅភូមិទី២ ឃុំរកាខ្នុរ ស្រុងក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដែលមានបិតានាម លីន គ្រី មាតានាម ប៊ុន ស៊ាងលី។ លោកជំទាវឧបាសិកា ប៊ុន សុថា ជាបុត្រីទី៥ និងជាកូនពៅ ក្នុងចំណោមបងប្អូន៥នាក់ ក្នុងនោះ មានប្រុស២រូប និងស្រី៣រូប៕















