បារាំង៖ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃពុធ ទី៨កុម្ភៈ អំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉ារីសប្រទេសបារាំង ក្រោយចាកចេញពីអង់គ្លេសថា ប្រទេសបារាំង និងអាល្លឺម៉ង់មានឱកាសក្លាយជាអ្នកផ្លាស់ប្ដូរទិសដៅសង្គ្រាមនៅក្នុងសង្គ្រាមប្រឆាំងរុស្ស៊ី ដោយកុំស្ទាក់ស្ទើរក្នុងការផ្ដល់អាវុធធុនធ្ងន់ និងយន្តហោះចម្បាំងទំនើបៗឲ្យទៅអ៊ុយក្រែនឲ្យសោះ។

លោក Zelenskyy បានទៅដល់ទីក្រុងប៉ារីស សម្រាប់ការពិសាអាហារការងារជាមួយលោកប្រធានាធិបតីបារាំង Emmanuel Macron និងអធិការបតីអាល្លឺម៉ង់លោក Olaf Scholz ក្រោយការពិភាក្សានៅក្នុងចក្រភពអង់គ្លេសកាលពីព្រឹកថ្ងៃពុធ ជាទីដែលលោកបានជំរុញដល់ក្រុមសម្ព័ន្ធមិត្តលោកខាងលិច ឲ្យផ្ដល់ស្លាបនៃសេរីភាពឲ្យអ៊ុយក្រែន ដោយការបញ្ជូនយន្តហោះចម្បាំងដើម្បីជួយប្រឆាំងនឹងរុស្ស៊ី។ លោកត្រូវបន្តដំណើរទៅកាន់ទីក្រុង Brussels នៅថ្ងៃព្រហស្បតិ៍នេះ ជាទីដែលលោកត្រូវចូលរួមកិច្ចប្រជុំកំពូលជាមួយដឹកនាំអឺរ៉ុប។
លោក Zelenskyy និយាយថា យើងមានពេលវេលាតិចតួចណាស់។ នៅពេលនេះខ្ញុំកំពុងនិយាយពីអាវុធដែលចាំបាច់សម្រាប់សន្តិភាព និងបញ្ឈប់សង្គ្រាមដែលបង្កឡើងដោយរុស្ស៊ី។ បារាំង និងអាល្លឺម៉ង់មានឥទ្ធិពលក្លាយជាអ្នកផ្លាស់ប្ដូរទិសដៅសង្គ្រាម ហើយនេះជាអ្វីដែលខ្ញុំមើលឃើញការពិភាក្សារបស់យើងនៅថ្ងៃនេះ។ មិនយូរទៀតទេ យើងនឹងទទួលបានអាវុធធុនធ្ងន់រយៈចម្ងាយឆ្ងាយ ហើយអ្នកបើកបរយន្តហោះរបស់យើងនឹងទទួលបានយន្តហោះទំនើប ដែលនឹងបញ្ចប់ការឈ្លានពានរបស់រុស្ស៊ីកាន់តែឆាប់រហ័ស៕
អត្ថបទ៖ សុខមាន