បាល់ទាត់៖ ក្រុមកំពូលតារាង English Premier League, Manchester City បានគ្រងជើងឯកពានរង្វាន់ Carabao Cup បួនរដូវកាលជាប់គ្នាក្រោយជ័យជំនះវគ្គផ្តាច់ព្រ័ត្រ ១-០ លើ Tottenham Hotspur នៅកីឡដ្ឋាន Wembley។

ការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះមានអ្នកចូលរួមទស្សនាផ្ទាល់ ៨០០០នាក់ ដែលក្នុងនោះមានអ្នកគាំទ្រក្រុមទាំងពីរម្ខាង ២០០០នាក់ និង ៤០០០នាក់ផ្សេងទៀតរួមមានក្រុមការងារគ្រូពេទ្យ និងប្រជាជនក្នុងតំបន់។ Manchester City ទើបតែបាត់បង់ឱកាសឈ្នះពាន ៤ ក្នុងមួយរដូវកាលបន្ទាប់ពីចាញ់ Chelsea នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup។ ខ្សែការពារ Manchester City, Aymeric Laporte គឺជាអ្នកតែតបញ្ចូលទីគ្រាប់បាល់សំរេចជ័យជំនះពីបាល់ Freekick របស់ Kevin de Bruyne ៨នាទីមុនចប់ការប្រកួត។
ជ័យជំនះនេះធ្វើឲ្យ Manchester City បានក្លាយជាជើងឯកពានរង្វាន់ EFL Cup រឺ Carabao Cup នេះលើកទី៨ និង ៤រដូវកាលជាប់គ្នាស្មើនឹងកំណត់ត្រារបស់ Liverpool ដែលធ្វើបានក្នុងទសវត្សរ៍ឆ្នាំ១៩៨០។ ដោយឡែកបរាជ័យសំរាប់ Spurs ធ្វើអោយក្រុមដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍មួយនេះ នៅតែខកខានឈ្នះពានផ្សេងៗរាប់តាំងពីឆ្នាំ២០០៨ ហើយ Spurs ជាក្រុមទី២ ដែលចាញ់នៅវគ្គផ្តាច់ព្រ័ត្រ Carabao Cup នេះ ៥លើក ខណៈ Arsenal ៦លើក៕
អត្ថបទ៖នាង សុភាវុធ