រត់ប្រណាំង៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហការជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ នឹងរៀបចំទិវារត់ប្រណាំងស្ដ្រីចម្ងាយ ១០គីឡូម៉ែត្រនាថ្ងៃទី០៨ ខែមីនាខាងមុខ ដើម្បីអបអរសាទរទិវាសិទ្ធិនារីអន្ដរជាតិក្រោមប្រធានបទ «ស្ដ្រីក្នុងភាពជាអ្នកដឹកនាំ»។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី០៨ ខែកុម្ភៈថា នេះគឺជាការចាប់ផ្ដើមឡើងវិញនៃកម្មវិធីរត់កម្សាន្ដសប្បាយប្រចាំឆ្នាំនេះ ដែលនឹងរៀបចំនៅបរិវេណខាងមុខសួនច្បារមុខវត្តបុទុមវតី បន្ទាប់ពីការប្រកួតនេះបានខកខានរៀបចំអស់រយៈពេល ២ឆ្នាំដោយសារជំងឺរាតត្បាលជាសកលកូវីដ-១៩។ ទន្ទឹមជាមួយគ្នា ឯកឧត្តមបានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ និងយុវជន ទាំងបុរស-នារីចូលរួមទិវារត់ប្រណាំងស្ត្រីនេះឲ្យបានច្រើន ដើម្បីចូលរួមលើកកម្ពស់ដល់សិទ្ធិស្មើភាព និងអានុភាពរបស់ស្ត្រីក្នុងការចូលរួមសកម្មភាពសង្គមផង ក៏ដូចជាចូលរួមជំរុញលើកទឹកចិត្តអត្តពលិកកម្ពុជាទាំងអស់ មានការហ្វឹកហាត់ឲ្យកាន់តែខ្លាំងត្រៀមការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ នាពេលឆាប់ៗខាងមុខផង។
តាមការបញ្ជាក់របស់គណៈកម្មការរៀបចំ សម្រាប់កម្មវិធីប្រណាំងស្ដ្រីចម្ងាយ ១០គីឡូម៉ែត្រនេះក្រៅពីបង្កើតបរិកាយសប្បាយរីករាយ និងលើកកម្ពស់សុខភាព សម្រាប់ថវិកាចុះឈ្មោះនឹងត្រូវចូលរួមវិភាគទានចំនួន ៤ពាន់រៀល សម្រាប់ការចុះឈ្មោះម្នាក់ ដើម្បីផ្ដល់មូលនិធិដល់សកម្មភាពសង្គម តាមរយៈអង្គការក្រៅរាជរដ្ឋាភិបាលមួយចំនួនផងដែរ៕
អត្ថបទ៖ លី ឈុនឡា