កំពង់ស្ពឺ៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានមានប្រសសន៍ថា រដ្ឋបាលខេត្តកំពង់ស្ពឺ តាមរយៈកម្មវិធីកំណែទម្រង់វិជ្ឈការ និងវិសហមជ្ឈការ រដ្ឋបាលក្រុង ស្រុកទាំងអស់ក្នុងខេត្តកំពង់ស្ពឺ បានទទួលការធ្វើសមាហរណកម្មការិយាល័យជំនាញនានាជុំវិញក្រុង ស្រុក ទៅក្នុងរចនាសម្ព័ន្ធថ្មី ក្នុងនោះខេត្តបានបង្កើតការិយាល័យច្រកចេញចូលតែមួយគ្រប់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់តាំងពីចុងឆ្នាំ២០២២។
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ថ្លែងបញ្ជាក់បែបនេះ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តកំពង់ស្ពឺ» រៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅទីស្ដីការគណៈរដ្ឋមន្រ្ដី។
ឯកឧត្ដមអភិបាលខេត្តថ្លែងថា មិនត្រឹមតែប៉ុណ្ណោះ រដ្ឋបាលខេត្ត និងក្រុង ស្រុកក៏ទទួលបានការធ្វើប្រតិភូកម្មអំណាចពីវិស័យមួយចំនួន ក្នុងការផ្តល់សេវារដ្ឋបាលតាមរយៈអង្គភាពច្រកចេញចូលតែមួយរដ្ឋបាលខេត្ត និងការិយាល័យច្រកចេញចូលតែមួយរដ្ឋបាលក្រុង ស្រុក ដែលមាននៅគ្រប់ទាំង ៨ ក្រុង ស្រុក ទន្ទឹមនេះក៏មានយន្តការច្រកចេញ ចូលតែមួយនៅគ្រប់បណ្តាឃុំ សង្កាត់ផងដែរ ដែលទើបដាក់ឱ្យដំណើរការនាចុងឆ្នាំ២០២២ កន្លងមកនេះ។
ឯកឧត្ដម បញ្ជាក់ថា ប្រជាជនទូទាំងប្រទេសទទួលបាននូវសិទ្ធិសេរីភាពពេញបរិបូណ៍។ ជាមួយនឹងសមិទ្ធផលដែលរាជរដ្ឋាភិបាល សម្រេចបានកន្លងមកនេះ រដ្ឋបាលខេត្តកំពង់ស្ពឺក៏បានទទួលនូវផ្លែផ្កាយ៉ាងច្រើនផងដែរ ដោយបានប្រែក្លាយ ទឹកដីខេត្តកំពង់ស្ពឺពីការប្រឈមមុខដាក់គ្នាដោយចុងអាវុធ មកជាខេត្តប្រកបដោយសក្តានុពល ជាតំបន់សេដ្ឋកិច្ច ដែលមានរោងចក្រសហគ្រាសធំៗកំពុងធ្វើអាជីវកម្ម និងបន្ត មកបណ្តាក់ទុនវិនិយោគជាបន្តបន្ទាប់។
ឯកឧត្ដមបញ្ជាក់ថា រយៈពេល ៥ឆ្នាំ កន្លងមកនេះ ដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងមានការ ចូលរួមសហការពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ អង្គភាពពាក់ព័ន្ធ និងពីគ្រប់មជ្ឈដ្ឋាន ប្រជាពលរដ្ឋក្នុងខេត្តកំពុងស្ពឺ ទទួលបានការរីកចម្រើននូវគ្រប់វិស័យ ព្រមទាំងទទួលបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព សង្គមបានល្អប្រសើរ៕ អត្ថបទ៖ វ៉ន ដារ៉ា




