បាល់ទាត់៖ ក្រុមបាល់ទាត់ Royal Mayura Resort បានទទួលចំណាត់ថ្នាក់លេខ៣ នៃពានរង្វាន់ Soccer League លើកទី៦ ឆ្នាំ២០២៣ បន្ទាប់ពីវាយបកយកឈ្នះក្រុម ស.ស.យ.ក ខណ្ឌពោធិ៍សែនជ័យដោយលទ្ធផល ២-១ ក្នុងជំនួបកាត់សេចក្ដីនៅកីឡដ្ឋានស្ដាតចាស់កាលពីល្ងាចថ្ងៃទី០៨ ខែកុម្ភៈម្សិលមិញ។
ជំនួបដ៏ជក់ចិត្តនេះនៅចុងវគ្គ១ មានគ្រាប់បាល់ ២គ្រាប់បានកើតឡើងដោយផ្ដើមចេញពីខ្សែប្រយុទ្ធ រស់ ស៊ីចម្រើន ដែលរកបានគ្រាប់នាំមុខឲ្យក្រុម ស.ស.យ.ក ខណ្ឌពោធិ៍សែនជ័យនៅនាទី៤៤ តែត្រូវបានកីឡាករ កៅ លីហៃ រកបានគ្រាប់បាល់វាយបកតាមស្មើឲ្យក្រុម Royal Mayura Resort ភ្លាមៗនៅនាទី៤៥+១។ ចូលវគ្គទី២ ការប្រកួតកាន់តែស្វិតស្វាញ ហើយក៏មិនខុសពីវគ្គទី១ ដែរដោយការប្រកួតបានអូសបន្លាយរហូតដល់ចុងម៉ោង ទើបមានគ្រាប់បាល់កើតឡើយពោលគឺជាគ្រាប់បាល់របស់ក្រុម Royal Mayura Resort ដែលធ្វើសម្រេចដោយកីឡាករ ម៉េង សុធារិទ្ធ នៅនាទី៨៨ ហើយក៏ជាគ្រាប់បាល់ជ័យជម្នះ ជួយឲ្យក្រុមខ្លួនទទួលបានចំណាត់ថ្នាក់លេខ៣ ផងដែរ។
ក្រឡេកទៅការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ដើម្បីកំណត់ជោគវាសនាក្រុមជើងឯកពានរង្វាន់ Soccer League លើកទី៦ គ្រោងនឹងធ្វើឡើងនាថ្ងៃទី១១ ខែកុម្ភៈខាងមុខនៅកីឡដ្ឋាន Smart RSN រវាងក្រុមហនុមានអគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ និងក្រុម ស.ស.យ.ក ខេត្តកណ្ដាល។ ការប្រកួតកាត់សេចក្ដីនេះនឹងធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាផងដែរ៕
អត្ថបទ៖ លី ឈុនឡា