កូរ៉េខាងជើង៖ ទីភ្នាក់ងារសារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានធ្វើព្យុហយាត្រាកងទ័ពដ៏ធំកាលពីថ្ងៃពុធ។ គេរំពឹងថា ព្យុហយាត្រានេះនឹងបង្ហាញអាវុធចុងក្រោយរបស់ប្រទេសនេះ ដើម្បីប្រារព្ធខួបនៃការបង្កើតកងទ័ព។

ក្រុមអ្នកវិភាគអន្តរជាតិបាននិយាយថា រូបភាពដែលទទួលបានពីផ្កាយរណបពាណិជ្ជកម្មរយៈពេលជាច្រើនខែមកនេះ បានបង្ហាញពីយោធាកូរ៉េខាងជើងកំពុងហាត់សមសម្រាប់ព្យុហយាត្រាដ៏ធំ។ គិតត្រឹមយប់ថ្ងៃពុធ សារព័ត៌មានរដ្ឋកូរ៉េខាងជើងពុំបានរាយការណ៍ពីព្យុហយាត្រានេះទេ។ ព្យុហយាត្រាយោធាកាលពី ៤លើកកន្លងទៅរបស់កូរ៉េខាងជើងបានកើតឡើងនៅពេលយប់ ហើយសារព័ត៌មានរដ្ឋពុំបានរាយការណ៍ពីព្រឹត្តិការនោះទេរហូតដល់ថ្ងៃបន្ទាប់។ គេពុំបានដឹងភ្លាមៗទេថា មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ត្រូវបានធ្វើជាអធិបតីក្នុងព្យុហយាត្រាកាលពីថ្ងៃពុធដែរ ឬអត់ទេ។

ជាធម្មតាក្បួនព្យុហយាត្រាបែបនេះតែងតែប្រារព្ធឡើងនៅក្នុងទីលានចតុរង្គ Kim Il Sung កណ្ដាលទីក្រុងព្យុងយ៉ាង ហើយជារឿយៗត្រូវបានប្រើដើម្បីបង្ហាញអាវុធថ្មីៗ រួមទាំងមីស៊ីលបាលីស្ទីកដែលផលិតឡើងដើម្បីបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ។ សារព័ត៌មានរដ្ឋកូរ៉េខាងជើងបានរាយការណ៍កាលពីថ្ងៃពុធថា លោក Kim បានអំពាវនាវកាលពីថ្ងៃអង្គារឲ្យបង្កើនអំណាចយោធា ខណៈលោកគោរពវិញ្ញាណក្ខន្ធកងទ័ព និងបានជួបទាហានដើម្បីរម្លឹកខួបនៃការបង្កើតកងទ័ព៕
អត្ថបទ៖ សុខមាន