កំពង់ឆ្នាំង៖ ផ្លូវលេខ៥៣ តភ្ជាប់ពីសាលាខេត្តកំពង់ឆ្នាំង រហូតដល់ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ត្រូវបានជួសជុលពង្រីកធំទូលាយ និងដាក់ប្រព័ន្ធលូរំដោះទឹកភ្លៀងទាំងសងខាងដើម្បីអោយប្រជាពលរដ្ឋ សិស្ស មន្ត្រីរាជការ អ្នកទេសចរណ៍ធ្វើដំណើរបានស្រួល និងរហ័ស។ ប្រជាពលរដ្ឋនៅក្នុងឃុំស្រែថ្មី និងឃុំជ្រៃបាក់ ក៏ដូចជាប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវ១នេះបានសំដែងការត្រេកអរ និងអរគុណដល់សម្តេចតេជោ និងឯកឧត្តមអភិបាលខេត្តដែលបានផ្តល់សមិទ្ធិផលថ្មីនេះ។
តំណាងប្រជាពលរដ្ឋ៤រូបអោយដឹងថា៖ ពីមុនផ្លូវលេខ៥៣នេះ ពេលភ្លៀងម្តងៗ តែងតែមានទឹកភ្លៀងហូរកាត់ ឬហូរតាមបណ្ដោយផ្លូវនេះរហូត ដែលនាំអោយតួផ្លូវត្រូវរងការខូចខាតយ៉ាងខ្លាំងហើយទឹកភ្លៀងមួយចំនួន បានហូរចាក់ចូលតាមភូមិប្រជាពលរដ្ឋនាំអោយទឹកភ្លៀងដក់ពាសពេញតែម្តង។ ដោយសារមើលឃើញនូវភាពលំបាករបស់ប្រជាពលរដ្ឋបែបនេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានស្នើសុំ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន ជួយជួសជុលកំណាត់ផ្លូវ១ខ្សែនេះ ។ ថ្មីៗនេះ មន្ទីរសាធារណការ និងដឹកជញ្ជូន បានដាក់គ្រឿងចក្រចុះជួសជុល និងជីកប្រឡាយទាំងសងខាង ដើម្បីពង្រីកតួផ្លូវអោយបានធំទូលាយ។ ក្នុងនាមប្រជាពលរដ្ឋ សូមថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តមអភិបាលខេត្ត ក្រសួងសាធារណការ ដែលបានជួយដល់ប្រជាពលរដ្ឋបែបនេះ។
តាមការបញ្ជាក់ពីមន្ទីរសាធារណការ និងដឹកជញ្ជូនខត្តកំពង់ឆ្នាំង ផ្លូវលេខ៥៣នេះ ត្រូវបានពង្រីក និងជួសជុល ក៏ដូចជាការជីកប្រឡាយនៅអមសងខាងផ្លូវ តាមគម្រោងថែទាំខួបឆ្នាំ២០២៣ លើកំណាត់ផ្លូវជាតិលេខ៥៣ស្ថិតក្នុងសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង និង ឃុំស្រែថ្មី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ប្រវែងជាង៩គីលូម៉ែត្រ ទទឹងចាប់ពី៨មដល់១២ម ដោយក្រាលកៅស៊ូពីរស្រទាប់ប្រភេទDBST ៕ អត្ថបទ ៖ ហុង វាស្នា







