វាយកូនបាល់៖ កីឡាការិនីវាយកូនបាល់លំដាប់លេខ ១ ពិភពលោក Ashleigh Barty បានពង្រឹងកៅអីលំដាប់កំពូលរបស់ខ្លួន ក្រោយគ្រងជើងឯកការប្រកួតពានរង្វាន់ Stuttgart Open ដោយយកឈ្នះកីឡាការិនីបេឡារុស Aryna Sabalenka នៅវគ្គផ្តាច់ព្រ័ត្រ។

កីឡាការិនីវ័យ ២៥ឆ្នាំអូស្ត្រាលីបានវាយបកបន្ទាប់ចាញ់នៅសិតដំបូង ៦-៣ ដោយបានយកឈ្នះពីរសិតផ្ទួនៗវិញ ៦-០ និង ៦-៣។ Barty បានប្រើពេលត្រឹម ២៣នាទីប៉ុណ្ណោះយកឈ្នះនៅសិតទីពីរ ៦-០ នោះ។ នេះជាជ័យជំនះជើងឯកការប្រកួតនៅទីលានដីក្រហមទី២ ប៉ុណ្ណោះក្នុងអាជីពរបស់ Ashleigh Barty បន្ទាប់ពីលើកដំបូងគឺពាន Grand Slam, French Open កាលពីឆ្នាំ២០១៩។ នេះពានក្នុងក្របខណ្ឌ WTA ទី៣ ផងដែរសំរាប់កីឡាការិនីអូស្ត្រាលីរូបនេះក្នុងឆ្នាំ២០២១ នេះ។
ដោយឡែកការប្រកួតពានផ្សេងទៀត ដែលបញ្ចប់ថ្ងៃអាទិត្យម្សិលមិញដែរ កីឡាការិនីរ៉ូម៉ានី Sorana Cirstea បានយកឈ្នះកីឡាការិនីប៊ែលហ្ស៊ិក Elise Mertens លើកពាន Istanbul Cup នៅប្រទេសទួរគីដែលជាពានទី២ ប៉ុណ្ណោះអាជីព និងរយៈពេល ១៣ឆ្នាំបន្ទាប់ពីឈ្នះលើកដំបូង។ Sorana Cirstea ដែលមានចំណាត់ថ្នាក់លេខ ៦៧ ពិភពលោកបច្ចុប្បន្ន ធ្លាប់ឈ្នះពានដំបូងក្នុងអាជីពតាំងពីឆ្នាំ២០០៨ នៅប្រទេសអ៊ូសប៊ែគីស្ថាន៕
អត្ថបទ៖នាង សុភាវុធ